ដោយ៖ សុធារី
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការយុទ្ធនាការ“តោះ!និយាយពីលុយ៖តក់ៗពេញបំពង់”ដោយផ្តោតជាចម្បងលើ សារៈសំខាន់នៃការគិតគូរឱ្យបានដិតដល់ការថ្លឹងថ្លែងជម្រើសផលិតផលនិងសេវាហិរញ្ញវត្ថុនិងការរៀបចំផែនការសកម្មភាពដើម្បីជួយអ្នកប្រើប្រាស់ឲ្យទទួលបានការយល់ដឹង កាន់តែប្រសើរអំពីសិទ្ធិការទទួលខុសត្រូវនិងការចូលរួមក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។
លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាបានសហការជាមួយអង្គការ Good Return ក្នុងការអនុវត្តគម្រោងនៃ យុទ្ធនាការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុឈ្មោះថា “តោះ! និយាយពីលុយ” កាលពីឆ្នាំ ២០១៦ ដែលយុទ្ធនាការនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។
ដោយយល់ឃើញពីភាពជោគជ័យនៃយុទ្ធនាការនេះនិងក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែមទៀតយុទ្ធនាការថ្មីមួយទៀតដែលមានឈ្មោះថា “តោះ! និយាយពីលុយ៖ តក់ៗ ពេញបំពង់” ត្រូវបានបង្កើតឡើង។
លោកស្រីទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបន្តថា យុទ្ធនាការថ្មីនេះមានប្រធានបទគន្លឹះចំនួន៤ រួមមាន ១- ការគ្រប់គ្រងលុយកាក់របស់អ្នកឱ្យបានកាន់តែប្រសើរ, ២- ការត្រៀមខ្លួនសម្រាប់រឿងដែលកើតឡើងដោយមិនបានព្រាងទុក, ៣- ការយល់ដឹងអំពីសិទ្ធិនិងការទទួលខុសត្រូវ និង៤- និយាយចេញមក ។
នៅថ្ងៃនេះផងដែរធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដែលកំណត់ពីចក្ខុវិស័យនិងទិសដៅក្នុងការជំរុញបរិយា បន្នហិរញ្ញវត្ថុបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព ទាន់ពេលវេលា តម្លៃសមរម្យ និង មានកិច្ចការពារស្របច្បាប់ជាពិសេសកាត់បន្ថយអត្រាស្ត្រី ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គមបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រនិងចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម។
យុទ្ធសាស្ត្រជាតិនេះ នឹងបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាពកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឱ្យបានពាក់កណ្តាល ពី ២៧%មក១៣%និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព គ្រួសារនិងគាំទ្រកំណើនសេដ្ឋ កិច្ចតាមរយៈសកម្មភាពអាទិភាពចំនួន ៦ រួមមាន ១- លើកទឹកចិត្តឱ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ, ២- ជំរុញនវានុវត្តន៍សេវាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម, ៣-ពង្រីកសមត្ថភាព ប្រព័ន្ធទូទាត់, ៤- ពង្រីកការផ្តល់សេវាធានារ៉ាប់រងឱ្យបានទូលំទូលាយ, ៥- ពង្រឹងសមត្ថភាពនិយ័តករវិស័យហិរញ្ញវត្ថុ និង៦- លើកកម្ពស់សិទ្ធិនិងបង្កើន កិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ៕