ដោយៈសុផារី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាទិញឱសថវេជ្ជសាស្ត្រ ប្រឆាំងជំងឺកូវីដ-១៩ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) របស់ក្រុមហ៊ុនមើក (MERCK) ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ចំនួន៤.០០០.០០០ គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន១០ម៉ឺននាក់នៅកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាទិញឱសថវេជ្ជសាស្ត្រ MOLNUPIRAVIR ជាឱសថប្រឆាំងវីរុស (Antiviral) នេះ បានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ នេះ រវាងក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកស្រីពេជ ចន្ទមុន្នី ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តំណាងដោយលោកវេជ្ជបណ្ឌិតស៊ឹម សុខចាន់ ជាមួយតំណាងក្រុមហ៊ុនមើក (MERCK)។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា ឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR)របស់ក្រុមហ៊ុនមើក (MERCK) របស់សហរដ្ឋអាមេរិកនេះ នឹងប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋ និងចែកចាយដល់វិស័យឯកជន រួមមានតាមឱសថស្ថាន និងគ្លីនិកឯកជន៕