ដោយ៖ សុផារី
ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានប្រារព្ធពិធីអបអរសាទរការទទួលពានរង្វាន់ «ពានរង្វាន់ពិសេសពីប្រទេសប៊្រុយណេ» «Emerging Social Enterprise» ដែលជាពានរង្វាន់សហគ្រាសទាក់ទងនឹងពានរង្វាន់ធុរកិច្ចអាស៊ាន២០២១ (ABA២០២១) ។ពិធីទទួលពានរង្វាន់នេះធ្វើឡើងតំណាលគ្នានឹងការប្រកាស និងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីពានរង្វាន់ធុរកិច្ចអាស៊ាន ដែលនៅក្នុងនោះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានទទួលពានរង្វាន់ពិសេសពីប្រទេសប៊្រុយណេ។
លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ហើយបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការគាំទ្រសមាជិករបស់យើង និង MSMEs ជាច្រើននៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន លើជំនាញឌីជីថល អាជីវកម្មបែបបរិយាប័ន និងច្នៃប្រឌិត។ សមាគមពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលបានទទួលរង្វាន់ពិសេសនេះ។
លោកបន្ដថា “វាជាភស្តុតាងដែលថាការខិតខំប្រឹងប្រែងរបស់យើង កំពុងត្រូវបានទទួលស្គាល់ ហើយថាយើងកំពុងដើរលើផ្លូវត្រូវក្នុងការរួមចំណែកដល់ធុរកិច្ច និងសេដ្ឋកិច្ចរបស់កម្ពុជា។ សមិទ្ធផលទាំងអស់នេះ មិនមែនកើតឡើងដោយចៃដន្យ ឬដោយសាអ្នកណាតែម្នាក់នោះទេ គឺជាការចូលរួមចំណែកពីគ្នាយើង ជាពិសេសមាជិកសមាជិការបស់សមាគម ដែលនៅតែសកម្ម និងចូលរួម បើទោះបីជាយើងស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺរាតត្បាតសកលប៉ុន្មានឆ្នាំមកនេះក្តី។”
លោកបន្តថា “ពានរង្វាន់នេះ ជាការជំរុញទឹកចិត្តសម្រាប់យើង និងក្រុមការងារក្នុងការបន្តធ្វើឲ្យកាន់តែប្រសើរលើសេវាកម្ម និងការជួយទៅដល់សមាជិកបន្ថែមទៀត ហើយបន្តខិតខំប្រឹងប្រែងបម្រើសហគមន៍ ជាពិសេសប្រព័ន្ធអេកូឡូស៊ីសហគ្រិន (MSMEs Ecosystem) នៅកម្ពុជា”។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាព អ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀត ជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕