ដោយៈម៉ាលីនណា
ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា មានកត្តាជាច្រើន ដែលបានចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តព្រះសីហនុ។
លោកបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព៌តមាន ហើយបានបង្ហោះលើបណ្តាញទំនាក់ទំនង របស់ក្រសួងនាពាកើកណ្តាលអាធ្រាតថ្ងៃទី១ ធ្នូថា ការទាក់ទាញភ្ញៀវមកកាន់ខេត្តព្រះសីហនុច្រើន មានដូចជា ការសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាជន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការអភិវឌ្ឍទីក្រុងវៃឆ្លាត សមិទ្ធផលផ្លូវទាំង៣៤ខ្សែ និងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធថ្មីៗ សណ្ដាប់ធ្នាប់ សោភ័ណសមុទ្រ-ឆ្នេរ-កោះ ការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលក្ខណសម្បត្តិជាច្រើនទៀត។
លោកបន្តថា “ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ដ៏ពិសេសមួយ សម្រាប់ការបើកទទួលទេសចរណ៍វ៉ាក់សាំង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសទទួលទេសចរឡើងវិញ”។
លោកបានលើកហេតុផលចម្បងៗថា គោលដៅខេត្តព្រះសីហនុ គឺមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលភ្ញៀវទេសចរ ដែលចាក់វ៉ាក់សាំងរួចរាល់ ជាគោលដៅសុវត្ថិភាពស្របតាមសូចនាករគោល ដែលក្រសួងទេសចរណ៍បានដាក់ចុះ ក្នុងនោះរួមមាន
* សូចនាករទី១
នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ ប្រជាជនត្រូវចាក់វ៉ាក់សាំង២ដូសយ៉ាងហោចឱ្យបាន៨០%។ នៅក្រុងព្រះសីហនុនេះ មានប្រជាជនដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២ដូសដល់ទៅ១០០% អ្នកខ្លះក៏បានចាក់ដល់ទៅ៣ដូសទៅទៀត។ នេះជាមូលដ្ឋានគ្រឹះមួយ ដែលផ្ដល់ជាសញ្ញាដ៏រឹងមាំក្នុងការជឿទុកចិត្តរបស់ភ្ញៀវទេសចរ។
* សូចនាករទី២
នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ គេពិនិត្យទៅលើអត្រានៃអ្នកឆ្លង និងអ្នកដែលស្លាប់ដោយសារកូវីដ គឺមានការថយចុះដែរឬទេ។ ជាក់ស្ដែងនៅខេត្តព្រះសីហនុ គឺមានការគ្រប់គ្រងការរីករាលដាលជំងឺនេះ បានល្អណាស់ ដែលមិនមានហានិភ័យនោះឡើយ។
* សូចនាករទី៣
ត្រូវរៀបចំលក្ខណសម្បត្តិខាងផ្នែកសុខាភិបាល នៅតាមគោលដៅនីមួយៗ គឺត្រូវមានមន្ទីរពេទ្យ មន្ទីរពិសោធន៍ មានមធ្យោបាយសម្រាប់ព្យាបាល នៅពេលមានករណីឆ្លង។ លោកថា នៅខេត្តព្រះសីហនុ ក៏ដូចជា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺធ្វើកិច្ចការនេះបានល្អ។
* សូចនាករទី៤
នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ ផ្នែកឯកជនត្រូវត្រៀមលក្ខណសម្បត្តិក្នុងការទទួលភ្ញៀវទេសចរ ក្នុងនោះមូលដ្ឋានអាជីវកម្មទាំងអស់ តើមានលក្ខណសម្បត្តិ សម្រាប់ទទួលភ្ញៀវទេសចរបានហើយឬនៅ។ ជាក់ស្ដែង អ្នកធ្វើការនៅក្នុងមូល ដ្ឋានអាជីវកម្មទាំងអស់ នៅក្នុងគោលដៅក្រុងព្រះសីហនុ គឺបានចាក់វ៉ាក់សាំង១០០%គ្រប់គ្នាហើយ៕