ដោយៈជេស៊ីកា
ភ្នំពេញៈ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍៍កម្ពុជា (CATA) លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរណ៍ មកពីបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបច្រើននៅអំឡុងខែមករា កុម្ភៈឆ្នាំ២០២២ខាងមុខនេះ។
លោកស្រីបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៩ វិច្ឆិកាកន្លងមកថា ដោយសារប្រទេសរបស់យើង ទើបបើកដំណើរការទទួលទេសចរណ៍វ៉ាក់សាំង ដែលធ្វើឲ្យយើងត្រូវការពេលវេលាខ្លះ ដើម្បីផ្សព្វផ្សាយទេសចរណ៍៍ ព្រោះវាត្រូវការពេលវេលា ដើម្បីការរៀបចំកញ្ចប់ទស្សនាចរណ៍របស់ភ្ញៀវទេសចរណ៍អន្តរជាតិ។
លោកស្រីបន្តថា “មានភ្ញៀវចាប់ផ្តើមកក់កញ្ចប់ ទស្សនកិច្ចមកកម្ពុជាបណ្តើរៗហើយ ប៉ុន្តែភ្ញៀវមកពីអឺរ៉ុបនឹងមកច្រើននៅខែមករា និងខែកុម្ភៈឆ្នាំ២០២២ខាងមុខ”។ លោកស្រីបន្តថា “តាមធម្មតាដំណើរទស្សនកិច្ច ឬការធ្វើដំណើរពីអឺរ៉ុប ពួកគេត្រូវត្រូវការពេលវេលា១ទៅ២ខែ ទើបពួកគេធ្វើផែនការដំណើរកំសាន្តរបស់ពួកគេរយៈពេលវែង”។
ជាមួយគ្នានេះ លោកហូ វណ្ឌីអគ្គលេខាធិការសមាគមសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា វាជាសញ្ញាល្អ ដែលក្រុមហ៊ុនអាកាសចរណ៍បានស្នើសុំភ្ជាប់ជើងហោះហើរ ពីក្រុមហ៊ុនអាកាសចរណ៍នានា ដែលកន្លងមកផ្នែកឯកជនបានស្នើសុំឲ្យមានការលើកទឹកចិត្តពីរដ្ឋាភិបាល ទាក់ទងនឹងការលើកទឹកចិត្តផ្នែកពន្ឋជាដើម។
លោកបន្តថា “ហេតុនេះបើមានការហោះហើរច្រើន វាផ្តល់ភាពងាយស្រួលដល់ការីទេសចរណ៍នានា ដល់ដៃគូរបស់ពួកគេនៅក្រៅប្រទេស ដើម្បីដឹងពីការតភ្ជាប់របស់វិស័យអាកាសចរណ៍”។លោកបន្តថា “ជាមួយគ្នានេះ យើងរង់ចាំពេលវេលាខ្លះ ព្រោះការលក់កញ្ចប់ទស្សនកិច្ចត្រូវការពេលវេលាបន្តិច សម្រាប់ភ្ញៀវជាក្រុមតូចឬធំ ប៉ុន្តែបើជាភ្ញៀវប្រភេទទេសចរណ៍សម្ពាយ មិនត្រូវការពេលវេលាច្រើននោះទេ”៕