ថ្នាក់ដឹកនាំធនាគារជាតិកម្ពុជា វៀតណាមបន្តពង្រឹងទំនាក់ទំនងដើម្បីជម្រុញការអភិវឌ្ឍក្នុងវិស័យនេះ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ថ្នាក់ដឹកនាំធនាគារជាតិកម្ពុជា វៀតណាមបានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើវឌ្ឍនភាព នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការអភិវឌ្ឍវិស័យធនាគារ, វិធានការឆ្លើយតបរបស់ធនាគារកណ្តាល ចំពោះឥទ្ធិពលអវិជ្ជមាននៃជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ បានធ្វើឡើងក្រោមអធិបតីភាព លោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម។

កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។ ការជំរុញការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ និងការពិនិត្យមើលពីវឌ្ឍនភាព ជាមួយនឹងការកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ នាពេលកន្លងមក ដែលបានរួមចំណែកអភិវឌ្ឍវិស័យធនាគារ។ កិច្ចសហប្រតិបត្តិការល្អ រវាងវិស័យធនាគារបានរួមចំណែកគាំទ្រ កំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ក្នុងប្រទេសទាំងពីរ។

លោកជំទាវ ទេសាភិបាលធនាគាររដ្ឋវៀតណាម បានថ្លែងសរសើរពីជោគជ័យរបស់កម្ពុជា ក្នុងការសម្រេចបានការចាក់វ៉ាក់សាំងដ៏ឆាប់រហ័ស ដែលបានជួយការពារសុខភាពប្រជាជន និងជំរុញសកម្មភាពសេដ្ឋកិច្ច។ ជាមួយគ្នានេះ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញដោយមានប្រសិទ្ធភាព ក្នុងអំឡុងពេលកូវីដ-១៩ ដែលសម្រេចបានសមិទ្ធផលល្អ ក្នុងការរក្សាបានវឌ្ឍនភាពនិងស្ថិរភាពប្រព័ន្ធធនាគារ និងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។

ធនាគាររដ្ឋវៀតណាម ក៏បានអបអរសាទរ ចំពោះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើប ជាពិសេស ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ជួយដោះស្រាយបញ្ហាទូទាត់ឆ្លងគ្រឹះស្ថាន និងការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ទាំងក្នុងស្រុកនិងតំបន់។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូ ក៏បានថ្លែងអំណរគុណចំពោះធនាគាររដ្ឋវៀតណាម ជាពិសេស លោកជំទាវ ទេសាភិបាល Nguyen Thi Hong និងថ្នាក់ដឹកនាំ ធនាគាររដ្ឋវៀតណាម ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អប្រសើរ ក្រោមអនុស្សរណៈយោគយល់រវាងធនាគារកណ្តាលទាំងពីរទៅលើកិច្ចសហប្រតិបត្តិការទូទៅ, លើការត្រួតពិនិត្យធនាគារ និងលើការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

លោកក៏បានថ្លែងអំណរគុណដល់ធនាគាររដ្ឋ និងរដ្ឋាភិបាលវៀតណាម ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយបានបន្តផ្តល់អាហារូបករណ៍ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here