លំនៅឋានតម្លៃថ្លៃចាប់ផ្ដើមរីកសាយទៅកាន់ជាយរាជធានី

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លំនៅឋានតម្លៃថ្លៃៗ បានងាកទៅអភិវឌ្ឍន៍នៅតំបន់ជាយរាជធានីភ្នំពេញស្ទើរតែគ្រប់ទិស ខណៈភាគច្រើនជាលំនៅឋានជាលក្ខណៈផ្ទះជាប់ដី។

បើតាមលោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍តាមទូរសព្ទនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ថា ការរីកសាយនៃការអភិវឌ្ឍន៍លំនៅឋានតម្លៃថ្លៃទៅកាន់ជាយរាជធានីដោយសារតែតម្លៃដីនៅក្បែរៗឬកណ្ដាលរាជធានី មានការឡើងថ្លៃខ្ពស់ ដែលធ្វើអោយអ្នកវិនិយោគមិនអាចរកប្រាក់ចំណេញបាន ដូច្នេះពួកគេត្រូវការតម្លៃដីទាបល្មមដែលអាចឱ្យពួកគេចំនេញពីការវិនិយោគ។ ម្យ៉ាងទៀតនៅក្បែរ ឬកណ្ដាលរាជធានីក៏មិនមានដីទូលាយសម្រាប់អភិវឌ្ឍន៍ជាបុរីបានស្រួលនោះដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា នៅតំបន់ជាយរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើនផងដែរ ដែលជំរុញអោយវិនិយោគិនងាកទៅរកតំបន់ជាយៗក្រុងសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន។

លោក បានថ្លែងថា “តាមផែនការមេរបស់រាជរដ្ឋាភិបាលក៏បានកំណត់ការអភិវឌ្ឍជុំវិញរាជធានីជាមុំ៣៦០ដឺក្រេ ដូច្នេះហើយគ្រប់ទិសនៃរាជធានី គឺត្រូវមានការអភិវឌ្ឍជាបន្តបន្ទាប់។ សម្រាប់តម្លៃត្រឹម២០ឬ៣០ម៉ឺនដុល្លារអាមេរិក នៅតំបន់ជាយរាជធានី បច្ចុប្បន្នគឺនៅមានការគាំទ្រច្រើនពីប្រជាពលរដ្ឋព្រោះថាវាក៏មិនទាន់ថាឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញដែរ”។

បើតាមផែនការមេរបស់សាលារាជធានីភ្នំពេញ ក៏ដូចជារដ្ឋាភិបាលនឹងបន្តពង្រីកក្រុងភ្នំពេញបន្តទៀត ជាក់ស្ដែងបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានាជាច្រើនដូចជាផ្លូវក្រវ៉ាត់ក្រុង ស្ពានអាកាស និងបណ្ដាញទឹកភ្លើងជាច្រើនទៀត ។

តាមការសង្កេតជាក់ស្ដែងនេះ គម្រោងលំនៅឋានតម្លៃខ្ពស់មួយចំនួនបានងាកចេញពីកណ្ដាល ឬក្បែរក្រុងទៅតំបន់អភិវឌ្ឍន៍ថ្មីមួយចំនួនដូចជាផ្លូវជាតិលេខ៦ ដែលមានបុរីលំនៅឋានតម្លៃរហូតដល់កន្លះលានដុល្លារអាមេរិក តំបន់ក្រាំងធ្នង់ដែលពីមុនគេចាត់ទុកជាវាលស្រែក៏មានការអភិវឌ្ឍលំនៅឋានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិកផងដែរ។

ទោះជាយ៉ាងណា តាមសេចក្តីប្រកាសព័ត៌មានរបស់បុរីដឹអ័រគីដេវីឡានៅតំបន់ក្រាំងធ្នង់ បានឱ្យដឹងថា គម្រោងរបស់ខ្លួនបានលក់អស់ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីបើកលក់ប៉ុណ្ណោះ បើទោះបីជាតម្លៃលំនៅឋាននេះមានតម្លៃដល់ជិតកន្លះលានដុល្លារអាមេរិកក្នុងមួយល្វែងក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here