ស្រុកបន្ទាយស្រីក្លាយជាកន្លែងបង្កាត់ពូជសត្វខ្សឹបតដំបូងគេនៅលើពិភពលោក

ដោយៈគង់ ម៉ាលីនណា

សៀមរាបៈ ស្រុកបន្ទាយស្រីបានក្លាយជាមូលដ្ឋានដ៏សំខាន់ និងជាទីតាំងដំបូងគេនៅលើពិភពលោក ដែលមានការចំទីតាំងបង្កាត់ពូជសត្វខ្សឹប លើកដំបូងនៅលើពិភពលោក។


អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់បានសរសេរលើបណ្តាញទំនាក់ទំនង​សង្គមរបស់លោក ក្រោយពេលចុះសិក្សាស្វែងយល់ពីមជ្ឈមណ្ឌលអង្គរសសម្រាប់ការរអភិរ័ក្សជីវចម្រុះកាលពីពេលថ្មីៗនេះថា សប្បាយចិត្ត និងមានការកោតសរសើរយ៉ាងខ្លាំង ដែលមានឱកាសបានមកទស្សនាកន្លែងបង្កាត់ពូជ “សត្វខ្សឹប” លើកដំបូងគេលើពិភពលោក ដែលទើបតែត្រូវបានបញ្ចប់ការសាងសង់រួចរាល់ នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាននៃស្រុកបន្ទាយស្រី។

លោកបន្តថា កន្លែងបង្កាត់ពូជបក្សីដែលជិតផុតពូជមួយនេះ គឺជាកម្មវិធីបង្កាត់ពូជសត្វខ្សឹបដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលនឹងផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាព ដល់សត្វខ្សឹប ដែលត្រូវបានសង្គ្រោះឱ្យស្តារសម្បទាឡើងវិញ និងបង្កលក្ខណៈងាយស្រួលដល់សត្វខ្សឹបបានក្រាបពង និងចិញ្ចឹមបីបាច់កូនរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ ពងសត្វខ្សឹបដែលប្រមូលបានពីក្នុងព្រៃ ក៏នឹងត្រូវបានភ្ញាស់ដោយសិប្បនិមិត្តនៅទីនេះ ហើយកូនសត្វទាំងនោះ នឹងត្រូវបានចិញ្ចឹមថែរទាំរហូតដល់ធំពេញវ័យ មុននឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបង្កាត់ពូជ ជាមួយនឹងក្តីសង្ឃឹមថា កូនដែលបង្កាត់បានទាំងអស់នឹងត្រូវលែងឱ្យចូលទៅក្នុងព្រៃវិញនាពេលអនាគត។

“សត្វខ្សឹប – Bengal Florican” (ខ្លះហៅថា ក្ងោកទេពឬទ្រមាក់អណ្តើក) គឺជាប្រភេទបក្សីដ៏កម្របំផុតមួយ នៅក្នុងពិភពលោក ដែលត្រូវបានគេចាត់ចំណាត់ថ្នាក់ជាប្រ​ភេ​ទរងគ្រោះជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ហើយមានវត្តមាននៅតែក្នុងប្រទេសឥណ្ឌា នេប៉ាល់ និងកម្ពុជាតែប៉ុណ្ណោះ។

ចំនួនសត្វខ្សឹបត្រូវបានគេប៉ាន់ស្មានថា មាននៅសល់មិនដល់៥០០ក្បាលផងនៅលើពិភពលោក ហើយក្នុងនោះ មានជាង១០០ក្បាលនៅក្នុងប្រទេសកម្ពុជា។

លោកឃឹម ហ្វីណង់បានបន្តថា “ការបង្កើតកន្លែងបង្កាត់ពូជសត្វខ្សឹប នៅក្នុងពេលនេះគឺជាមោទកភាពមួយរបស់កម្ពុជា និងជាជំហានដ៏សំខាន់បំផុតជាលើកដំបូង ដែលនឹងផ្តល់ក្តីសង្ឃឹមដល់ការកែប្រែជោគវាសនា និងទប់ស្កាត់ការដាច់ផុតពូជ នៃបក្សីដ៏កម្រមួយប្រភេទនេះ ហើយដែលយើងទាំងអស់គ្នាជាខ្មែរចាំបាច់ ត្រូវតែចូលរួមជួយអភិរក្សថែរក្សាឱ្យបានទាំងអស់គ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here