កម្ពុជា-វៀតណាម ឯកភាពដាក់ចេញផែនការ៦ចំណុច ដើម្បីជំរុញទេសចរណ៍ចាក់វ៉ាក់សាំងទៅមកប្រកបដោយសុវត្ថិភាព

ដោយៈ សុផារី

កែបៈ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានឯកភាពដាក់ចេញផែនការសកម្មភាពរួមគ្នាចំនួន៦ចំណុច ដើម្បីជំរុញទទួលទេសចរចាក់វ៉ាក់សាំងទៅមកប្រកបដោយសុវត្ថិភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដាក់ចេញផែនការសកម្មភាពរួមគ្នានេះ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-វៀតណាមលើកទី២ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយផ្ទាល់នៅខេត្តកែបផង និងតាមអនឡាញផង ខណៈភាគីកម្ពុជាដឹកនាំដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ រីឯភាគីវៀតណាមដែលដឹកនាំដោយលោក ហា វ៉ាន់ស៊ាវ (Ha Van Sieu) អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

នាកិច្ចប្រជុំថ្នាក់ឧត្ដមន្រ្តីទេសចរណ៍នេះ ប្រទេសទាំងពីរបានឯកភាពគ្នាជំរុញទេសចរណ៍វ៉ាក់សាំងទៅវិញទៅមក ប្រកបដោយសុវត្ថិភាព ដោយផ្តោតលើ ប្រទេសទាំងពីរបានឯកភាពគ្នា ជំរុញទេសចរណ៍វ៉ាក់សាំងទៅវិញទៅមក ប្រកបដោយសុវត្ថិភាព ដោយផ្តោតលើ ទី១ ជំរុញឱ្យមានការធ្វើដំណើរទេសចរណ៍ឡើងវិញ រវាងប្រទេសទាំងពីរ តាមគ្រប់មធ្យោបាយធ្វើដំណើរ (ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស) ក្នុងនោះ ជំរុញហោះហើររបស់ VN Airlines និង Cambodia Angkor Air ឡើងវិញ បន្តជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ដោយមានការសម្របសម្រួលការធ្វើដំណើររ ប្រកបដោយសុវត្ថិភាព និង រៀបចំត្រៀមលក្ខណសម្បត្តិ ការតភ្ជាប់ការធ្វើដំណើរទៅមក តាមកំពង់ផែទេសចរណ៍នៃប្រទេសទាំងពីរ ដោយជំរុញឲ្យផ្នែកឯកជននៃប្រទេសទាំងពីរសិក្សា លើការតភ្ជាប់ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។

ទី២. ធ្វើការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ”នៅព្រឹត្តិការណ៍អន្តរជាតិនានា។ ទី៣. ពិចារណាផ្សព្វផ្សាយទេសចរណ៍បីប្រ​ទេសរួមគ្នា កម្ពុជា ឡាវ វៀតណាម នៅព្រឹត្តិការណ៍ World Travel Market 2022 នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងព្រឹត្តិការណ៍ Dubai Expo 2022 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក្រោមកិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ វៀតណាម (CLV)។

ទី៤. វៀតណាមនឹងបន្តជំរុញផ្សព្វផ្សាយ ក៏ដូចជាជំរុញដល់ផ្នែកសាធារណៈ និងឯកជនរបស់ខ្លួនឲ្យចូលរួម ក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ដែលនឹងប្រព្រឹត្តឡើងនៅខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ទី៥. ជំរុញលើកទឹកចិត្តក្នុងការរៀបចំព្រឹត្តិការណ៍ ផ្សព្វផ្សាយទេសចរណ៍នានាក្នុងឆ្នាំ២០២២ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម និងទី៦. សហការ និងផ្លាស់ប្តូរបទពិសោធន៍ សម្រាប់ការផ្សព្វផ្សាយទេសចរណ៍នៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ និងកម្ពុជាជាម្ចាស់ផ្ទះរៀបចំ SEA Games លើកទី៣២ នៅឆ្នាំ២០២៣។

ភាគីទាំងពីរបានចែករំលែកព័ត៌មាន និងបទពិសោធន៍ស្តីពីស្ថានភាពជំងឺកូវីដ១៩ ការឆ្លើយតបនៃវិស័យទេសចរណ៍ ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងផែនបើកវិស័យទេសចរណ៍អន្តរជាតិរៀងៗខ្លួន។ ភាគីទាំងពីរក៏បានពិនិត្យឡើងវិញ លើផែនការសកម្មភាពជំរុញទេសចរណ៍ទៅវិញទៅមក ក៏ដូចជាវាយតម្លៃលទ្ធផលការងារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here