អាកាសយានដ្ឋានអន្តរជាតិសៀមរាបត្រៀមខ្លួនជាស្រេចស្វាគមន៍ទទួលភ្ញៀវទេសចរបរទេស

ដោយៈ សុធារី

សៀមរាបៈ លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានថ្លែង ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចហើយ ជាមួយនឹងការរង់ចាំស្វាគមន៍ទទួល ភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ ដែលត្រូវចូលមកទស្សនាខេត្តសៀមរាប។

លោកបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពី កិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្ថិភាព SOP ដើម្បីទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ កាលពីថ្ងៃពុធទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក ដោយបានវាយតម្លៃថា កិច្ចការធានា ការពារសុវត្ថិភាពភ្ញៀវ វាមិនត្រឹមតែជាការឱ្យតម្លៃ លើសេវាបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ តែនេះគឺជាកិច្ចរក្សាតម្លៃ និងកត្តិយសរបស់ជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៊ុន រដ្ឋា បានបន្តថា កម្ពុជាគឺជាប្រទេសបានបើកឡើងវិញ ក្រោមមោទក​ភាព នៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រិតភាគរយខ្ពស់ ដែលពិភពលោកទទួលស្គាល់។ ការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញរបស់កម្ពុជា អាចថាជាការរង់ចាំរបស់ភ្ញៀវទេសចរ ។

លោកបន្តថា កម្ពុជាបានកំណត់ក្នុងបញ្ជី សម្រាប់បណ្តាប្រទេសមួយចំនួននៅលើពិភពលោក មកកាន់កម្ពុជាដោយមិនចាំបាច់តម្រូវឱ្យមានវីសា (VISA) នោះឡើយ ។ ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលនេះគឺជាគោលនយោបាយបើកចំហជើងមេឃរបស់កម្ពុជា ។ បញ្ហាទាំងអស់នេះ ព្រលានយន្តហោះអន្តរជាតិសៀមរាប ក៏បានត្រៀមខ្លួនជាស្រេចសម្រាប់បម្រើការហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍នានាផងដែរ។

នីតិវិធីប្រតិបត្តិ ធានាការពារប្រកបដោយប្រសិទ្ធភាព ការឆ្លង-ការចម្លងជំងឺកូវីដ-១៩ ដោយឈរលើគោលការណ៍សម្រេចឯកភាពគ្នាកន្លងមក រវាងរដ្ឋមន្រ្តីទាំង២ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្នុងនោះគឺការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញ លិខិតបញ្ជាក់ការធ្វើតេស្តPCR ៧២ម៉ោងមុនមកដល់គោលដៅ និងការធ្វើតេស្តរហ័សនៅពេលឆ្លងកាត់ព្រលានយន្តហោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here