ដោយៈ សុផារី
ភ្នំពេញៈ សមាគមធនាគារនៅកម្ពុជា (ABC) សហការជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ-Visa, MasterCard និង UnionPay International ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកការចូលប្រើប្រាស់ស្តង់ដារបន្ទះឈីប Contactless EMV ដើម្បីពង្រឹងប្រព័ន្ធអេកូទូទាត់ក្នុងស្រុក ដើម្បីគាំទ្របណ្តាញខេមបូឌានស៊ែស្វីច Cambodian Shared Switch (CSS) របស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជា CSS Co-Badge។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា អមដំណើរដោយលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា លោកស្រី ជុំ ម៉ូនីកា អ្នកគ្រប់គ្រងផ្នែកកាតVisaប្រចាំប្រទេសកម្ពុជា លោក តឹក សុផល នាយកអភិវឌ្ឍន៍អាជីវកម្មប្រចាំប្រទេសកម្ពុជានិងឡាវផ្នែកMasterCard និងលោកស្រី លាង ចិន្តា នាយកគ្រប់គ្រងទូទៅប្រចាំប្រទេសនៃ UnionPay International ។
អនុស្សរណៈនៃការយោគយល់់គ្នា(MOU) ចំនួនបីត្រូវបានចុះហត្ថលេខានៅក្នុងកម្មវិធីនេះរួមមាន៖ ១. ABC-Visa MoU៖ Visa នឹងពង្រីកការចូលប្រើស្តង់ដារបន្ទះឈីប Visa Contactless EMV ដើម្បីពង្រឹងប្រព័ន្ធអេកូនៃការទូទាត់ក្នុងស្រុក និងគាំទ្របណ្តាញ Cambodian Shared Switch (CSS) ដើម្បីធ្វើស្លាកសញ្ញារួមជាមួយនឹងគម្រោងបណ្ណអន្តរជាតិផ្សេងទៀត។
នៅឆ្នាំ២០១៩ Visa បានផ្តល់ស្តង់ដារបន្ទះឈីប EMV របស់ខ្លួនដល់ ABC ដែលជាការបញ្ជាក់បន្ទះឈីបជាតិ ដើម្បីពន្លឿនដំណើរការទូទាត់ម៉ាញេទិក ដើម្បីធានាទំនាក់ទំនងបច្ចេកវិទ្យាបន្ទះឈីប EMV ។ លើសពីនេះ ABC និង Visa នឹងធ្វើការរួមគ្នាដើម្បីគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ក្នុងស្រុក។ នៅក្រោម MOU ដែលបានចុះហត្ថលេខាជាមួយ ABC ក្រុមហ៊ុនVisa ក៏បានយល់ព្រមក្នុងការវិនិយោគលើការពិនិត្យWhite Plastic និងគាំទ្របណ្តាញ CSS ក្នុងការងារនេះ។
សម្រាប់សមាជិក ABC ដែលជ្រើសរើសធ្វើផ្លាកសញ្ញា ជាមួយគម្រោងបណ្ណអន្តរជាតិផ្សេងទៀត ក្រុមហ៊ុនVisa បានសន្យាថានឹងភ្ជាប់ពួកគេ ជាមួយក្រុមហ៊ុនភាគីទីបីសម្រាប់សេវាកម្មដែលពាក់ព័ន្ធ។
ទី២. ABC- Mastercard MoU៖ គោលបំណងសំខាន់គឺបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្ម ដែលអាចកើតមានរវាង Mastercard និង ABC ទាក់ទងនឹងការចេញប័ណ្ណឥណពន្ធ ដែលមានស្លាកសញ្ញានៅក្នុងប្រទេសកម្ពុជា ស្របតាមបទប្បញ្ញត្តិនៃការចេញប័ណ្ណក្នុងស្រុក និងម៉ាកយីហោ រួមទាំងប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្តីពី ការប្រើប្រាស់ពាណិជ្ជសញ្ញាសម្រាប់ការទូទាត់រហ័ស និងប្រព័ន្ធ Shared Switch Systemនៅកម្ពុជាផងដែរ។
ទី៣. ABC-UnionPay International MoU៖ កិច្ចសហការលើការចេញប័ណ្ណឥណពន្ធដែលមានស្លាកសញ្ញា នឹងអនុញ្ញាតឱ្យស្ថាប័នសមាជិកABC ចេញប័ណ្ណដែលមានស្លាកសញ្ញារួមដល់អតិថិជនរបស់ពួកគេ ជាមួយនឹងលទ្ធភាពប្រើប្រាស់បណ្តាញCSS ក្នុងស្រុក ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូទូទាត់ក្នុងស្រុក និងជូនដំណឹងដល់ សមាជិកABCទាំងអស់ នៃតម្រូវការប័ណ្ណឥណពន្ធដែលមានស្លាកសញ្ញា UnionPay-CSS ៕