ដោយៈសុខុម
អន្តរជាតិ: ជាការពិតណាស់ សេដ្ឋកិច្ចទូទាំងពិភពលោក សុទ្ធតែរងផលប៉ះពាល់ដោយសារវិបត្តិរីករាលដាលវីរុសកូវីដ-១៩ ដ៏កាចសាហាវដែលបានបង្កមហាវិនាសកម្មជាច្រើន រួមមានការធ្វើឱ្យសេដ្ឋកិច្ចដាំក្បាលចុះ អាជីវកម្មតូចធំជួបការលំបាក ឬក្ស័យធន និងផ្ដាច់ជីវិតមនុស្សអស់រាប់លាននាក់ ហើយយើងមិនដឹងថាវិបត្តិនេះ នឹងបញ្ចប់ទៅវិញនៅពេលណាឱ្យប្រាកដឡើយ។
បើដូចនេះ តើស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោកនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគតនឹងទៅជាបែបណា? បើនិយាយអំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (Global Economic Outlook) ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ និងសម្រាប់ឆ្នាំ២០២២ ដែលសារព័ត៌មានបរទេស Euromonitor បានចុះផ្សាយកាលពីពេលថ្មីៗនេះ។
យោងតាមសារព័ត៌មានដដែលបង្ហាញថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២១ កាន់តែអាក្រក់ទៅចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១ មក។ ទោះជាយ៉ាងណា ការព្យាករអំពីការងើបឡើងសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២២ បង្ហាញពីសុទិដ្ឋិនិយមច្រើនជាងនេះបន្តិច។
GDP ពិតប្រាកដនៃសេដ្ឋកិច្ចពិភពលោក នៅពេលនេះត្រូវបានព្យាករថា នឹងទទួលបានកំណើន៥,៧%នៅក្នុងឆ្នាំ២០២១នេះ (ដោយធ្លាក់ចុះពិន្ទុ០,២%ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១) និងកំណើន៤,៨%ក្នុងឆ្នាំ២០២២ (ដោយកើនឡើងពិន្ទុ០,២%បើធៀបនឹងការព្យាករកាលពីខែកក្កដា ឆ្នាំ២០២១)។
ចាប់តាំងពីខែកក្កដាកន្លងមក ការព្យាករអំពីកំណើន GDP ពិតប្រាកដសម្រាប់ឆ្នាំ២០២១ ត្រូវបានទម្លាក់ ឬបន្ទាបយ៉ាងច្រើនសម្រាប់សហរដ្ឋអាមេរិក កាណាដា ចិន ឥណ្ឌា និងបណ្ដាសេដ្ឋកិច្ចផ្សេងៗទៀត នៅតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដូចជាប្រទេសឥណ្ឌូនេស៊ី និងអូស្ត្រាលី ជាដើម។
ផ្ទុយមកវិញ ការព្យាករសម្រាប់ឆ្នាំ២០២១ បែរជាមានភាពប្រសើរឡើងខ្លាំងគួរឱ្យកត់សម្គាល់សម្រាប់តំបន់អឺរ៉ុប អឺរ៉ុបខាងកើត និងអាមេរិកឡាទីន។ ហើយកំណើនសកម្មភាពសេដ្ឋកិច្ចពិភពលោក ក្នុងត្រីមាសទី២ គឺមានភាពប្រសើរឡើងលើសពីការរំពឹងទុក។
ទោះជាយ៉ាងណា ការរីករាលដាលវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ដែលមានហានិភ័យឆ្លងកាន់តែសាហាវ និងការរាំងស្ទះកាន់តែធ្ងន់ធ្ងរ ដល់សង្វាក់ផ្គត់ផ្គង់បានធ្វើឱ្យសន្ទុះងើបឡើង នៃសេដ្ឋកិច្ចពិភពលោកបង្អង់ល្បឿន ហើយបានដាក់សម្ពាធកាន់តែធ្ងន់លើយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង ដើម្បីគ្រប់គ្រងការរីករាលដាលវីរុសកូវីដ-១៩។
ខណៈអត្រាឆ្លងពីរលកកូវីដ-១៩ នៅពេលចប្ចុប្បន្នបានធ្លាក់ចុះ នៅក្នុងប្រទេសជាច្រើន ប្រទេសទាំងនោះប្រឈមហានិភ័យកើនឡើង នូវករណីឆ្លងជាថ្មីម្ដងទៀតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ នៅតំបន់អឌ្ឍគោលខាងជើង (Northern Hemisphere) នៅពេលអាកាសធាតុកាន់តែត្រជាក់ ហើយមនុស្សម្នាចំណាយពេលចេញក្រៅច្រើនជាងមុន។
តាមការប៉ាន់ប្រមាណថា វ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាព៦០-៨៨%នៅក្នុងការទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta និងមានប្រសិទ្ធភាព៧១-៩៦% នៅក្នុងការទប់ស្កាត់ការបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យដោយសារវីរុសបំប្លែងថ្មីនេះ ពោលគឺអាស្រ័យលើវ៉ាក់សាំងដែលបានប្រើប្រាស់។
ទោះជាយ៉ាងណា វីរុសបំប្លែងថ្មី Delta មានអត្រាឆ្លងខ្ពស់ជាងវីរុសដំបូង កូវីដដំបូងៗរហូតដល់ទៅ២,៥-៣,០ដងឯណោះ ដែលទាមទារការចាក់វ៉ាក់សាំងឱ្យបានក្នុងអត្រា៩០-១០០%ដើម្បីទទួលបានភាពសាំក្នុងសហគមន៍ (Community Immunity)។
ប៉ុន្តែគិតត្រឹមខែតុលា ឆ្នាំ២០២១ អត្រាការចាក់វ៉ាក់សាំង នៅក្នុងបណ្ដាសេដ្ឋកិច្ចជឿនលឿនធំៗ មានចន្លោះពី៥៥-៧៥%ប៉ុណ្ណោះ ហើយវឌ្ឍនភាពក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបានថយចុះនៅក្នុងប្រទេសជាច្រើន។
ជាលទ្ធផល នៅក្នុងប្រទេសជាច្រើន វីរុសបំប្លែងថ្មី Delta ទំនងជាត្រលប់ទៅអនុវត្តវិធានការរឹតបន្តឹង ការរក្សាគម្លាតសង្គមឡើងវិញរយៈពេលខ្លី សូម្បីសម្រាប់អ្នកដែលចាក់វ៉ាក់សាំងរួច ហើយនឹងមានការរើសអើងកាន់តែធ្ងន់ធ្ងរ រវាងការរឹតបន្តឹងសម្រាប់បុគ្គលដែលមិនបានចាក់វ៉ាក់សាំង និងអ្នកដែលមិនបានចាក់វ៉ាក់សាំង។
ខណៈផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយវិធានការបិទខ្ទប់កាលពីពេលថ្មីៗនេះ មានភាពធូរស្រាលជាងមុន វានៅតែធ្វើឱ្យធ្វើឱ្យសន្ទុះនៃការងើបឡើងសេដ្ឋកិច្ចបង្អន់ល្បឿនខ្លាំង៕ Euromonitor៕