ការចំណាយរបស់ភ្ញៀវទេសចរក្នុងស្រុកជាចលករដ៏សំខាន់មួយសម្រាប់ជំរុញដល់ការងើបវិញនៃសេដ្ឋកិច្ចកម្ពុជា

ដោយៈ សុធារី

ភ្នំពេញៈ ក្រោយពេលរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសឡើងវិញ ស្របពេលជោគជ័យ នៃយុទ្ធនាការចាក់វ៉ាក់ស៊ាំងកូវីដ១៩ ប្រជាជនក្នុងស្រុកចាប់ផ្តើមដើរលេងកម្សា​ន្តយ៉ាងច្រើនស្ធឹកសន្ធាប់។

ការណ៍នេះបណ្តាលឱ្យអ្នកជំនាញមើលឃើញថា សេដ្ឋកិច្ចកម្ពុជានឹងមានដំណើរការល្អប្រសើរ ស្របពេលដែលទេសចរកក្នុងស្រុក ចាប់ផ្តើមការចំណាយច្រើនជាងមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា ការចំណាយរបស់ប្រជាពលរដ្ឋ ឬភ្ញៀវទេ​សចរក្នុងស្រុកនេះ អាចចាត់ទុកថា ជាចលករដ៏សំខាន់មួយ សម្រាប់ជំរុញដល់ការងើបឡើងវិញនៃដំណើរការសេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា ក្នុងអំឡុងពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ លំហូរនៃភ្ញៀវទេសចរដើរលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស មានកំណើនច្រើនគួរឱ្យកត់សម្គាល់។

បើតាមការព្យាករណ៍របស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការចំណាយជាមធ្យមរបស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ការដើរលេងកម្សាន្ត ការហូបចុក ការស្នាក់នៅ គឺមានចន្លោះចាប់ពី៥០ដុល្លារដល់២០០ដុល្លារក្នុងម្នាក់។

ដោយឡែក សម្រាប់ការចំណាយជាលក្ខណៈគ្រួសារវិញ លោក ហុង វណ្ណៈ អះអាងថា គឺស្ថិតក្នុងចន្លោះពី៤០០ទៅដល់ ៦០០ដុល្លារ និងគ្រួសារដែលមានជីវភាពធូរធារខ្លាំង អាចចំណាយពីចន្លោះ៧០០ទៅ១០០០ដុល្លារ។

ពលរដ្ឋចំណាយថវិកាច្រើន នៅក្នុងអំឡុងពេលពិធីបុណ្យអុំទូកឆ្នាំនេះ ដោយសារ ទី១ ពលរដ្ឋខកខានដើរកម្សាន្តអស់រយៈពេលយូរ និងទី២ គឺដោយសារតែភាពសម្បូរបែបនៃម្ហូបអាហារ និងទំនិញជាដើម។

ក្រៅពីនេះ អ្នកជំនាញសេដ្ឋកិច្ចដដែល ក៏បានលើកឡើងទៀតថា វត្តមាននៃភ្ញៀវទេសចរដើរលេងកម្សាន្តនៅទូទាំងប្រទេស អាចចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិបានក្នុងបរិមាណមួយផ្នែកធំ។ ក្នុងនោះ វាបានជំរុញឱ្យសកម្មភាពអាជីវកម្មជាច្រើនដែលជួបបញ្ហានាពេលកន្លងមក ចាប់ផ្តើមមានដង្ហើមដកឡើងវិញ ហើយសរសៃឈាមសេដ្ឋកិច្ចដែលធ្លាប់កកស្ទះហូរមិនរួច ក៏ធ្វើការឡើងវិញផងដែរ ជាពិសេសសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍ ដូចជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងតំបន់ទេសចរណ៍នានាជាដើម។

ចំណែកបុគ្គលិកក្នុងវិស័យទេសចរណ៍ ក៏មានឱកាសត្រឡប់មកបម្រើការងារនៅក្នុងវិស័យនេះឡើងវិញ។

ចំណែកប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមើលឃើញថា ក្នុងឱកាសបុណ្យ
អុំទូកបីថ្ងៃនេះ ប្រជាពលរដ្ឋក្នុងស្រុក បានចេញដើរលេងកម្សាន្តពាសពេញផ្ទៃប្រទេស ដែលនេះធ្វើឱ្យអ្នកធ្វើការ ក្នុងវិស័យទេសចរណ៍ផ្តើមមានសង្ឃឹម។

លោកស្រីប្រមើលមើលឃើញថា ការកើនឡើងចំនួនទេសចរ ទាំងតំបន់មាត់សមុទ្រ តំបន់អេកូទេសចរណ៍ ឬតំបន់ទេសចរណ៍នោះឡើយ គឺកើនឡើងជាទូទៅ។ ប៉ុន្តែ លោកស្រី ឆាយ ស៊ីវលីន ក៏មានក្តីព្រួយបារម្ភខ្លះដែរ ដែលភ្ញៀវខ្លះ មិនបានគោរពតាមក្បួន”វិធានាការសុខភាព” មិនពាក់ម៉ាក់ និងមិនរក្សាគម្លាត។

ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរផ្ទៃក្នុង និងបរទេសផ្ទៃក្នុងប្រមាណ១លាននាក់ បានដើរលេងកម្សាន្តនៅទូទាំងប្រទេស។ ខេត្តដែលមានគោលដៅសំខាន់ជាងគឺ រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កំពត កែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here