ភ្ញៀវទេសចរសម្រុកទៅលេងខេត្តមណ្ឌលគីរីក្នុងឱកាសថ្ងៃបុណ្យអុំទូក

ដោយ មករា

ភ្នំពេញ ៖ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានថ្ងៃឈប់សម្រាក៣ថ្ងៃជាប់គ្នា ធ្វើឲ្យខេត្តមណ្ឌលគិរីមានភ្ញៀវទំនាក់ទំនងមកកក់បន្ទប់ផ្ទះសំណាក់ សណ្ឋគារ និង រីសត ពេញទាំងអស់តែម្ដង ដើម្បីស្នាក់នៅលំហែនិងកម្សាន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ក្រុងសែនមនោរម្យចាប់ផ្ដើមមានអ្នកដំណើរជាច្រើនចូលមកដល់ និងបានធ្វើឱ្យខេត្តមណ្ឌលគិរី មានភាពអ៊ូអរមួយកម្រិតផងដែរ។ ហើយនៅមួយរយៈពេលចុងក្រោយ ដែលជំងឺកូវីដ១៩បានធូរស្រាល ខេត្តមណ្ឌលគិរី អាចទាក់ទាញអ្នកទេសចរឲ្យមកកម្សាន្តកើនឡើងជាលំដាប់ ទោះបីមិនស្ថិតក្នុងថ្ងៃឈប់សម្រាក ឬចុងសប្ដាហ៍ក៏មានអ្នកទេសចរជាច្រើនបានចូលទៅកម្សាន្តនៅគោលដៅទេសចរណ៍នានាផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយនៅល្ងាចថ្ងៃទី១៧ វិច្ឆិកា២០២១ ។

លោក ឡុង ម៉េងគ័ង ជាម្ចាស់អាជីវកម្មរីសត ផារ៉ាដាយ នៅក្នុងក្រុងសែនមនោរម្យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ក្រោយរាជ រដ្ឋាភិបាលបានដំណើរការវិស័យទេសទេសចរណ៍ឡើងវិញ សម្គាល់ឃើញថាចំនួនភ្ញៀវមានការកើនឡើងខ្លាំង ហើយនៅថ្ងៃទី១៧ ខែវិច្ឆិកានេះផ្ទាល់ បន្ទប់រីសតរបស់លោកចំនួន៣០បន្ទប់ មានភ្ញៀវចូលសម្រាក២៨បន្ទប់បាត់ទៅហើយ។

ក្នុងឱកាសឈប់សម្រាកនេះ រីសតរបស់លោកមិនមានបន្ទប់នៅទំនេរទេ ត្រូវភ្ញៀវកក់ពេញទាំងអស់តែម្ដង និងមានភ្ញៀវជាច្រើនទៀតបានទំនាក់ទំនងមករកបន្ទប់សម្រាក ទោះបីជាមាន២០០បន្ទប់ក៏មិនសល់ដែរ។

ម្ចាស់អាជីវកម្មរីសត ផារ៉ាដាយ បញ្ជាក់ថា លោកមានការប្រុងប្រយ័ត្នខ្ពស់ចំពោះផលប៉ះពាល់នៃជំងឺកូវីដ១៩ ដោយនៅគ្រប់បន្ទប់ទាំងអស់ ក្រោយភ្ញៀវចេញទៅ នឹងមានការសម្អាតសម្លាប់មេរោគយ៉ាងល្អ និងថែមទាំងមានម៉ាស៊ីនស្ទីមកម្ចាត់មេរោគកូវីដ១៩នៅគ្រប់បន្ទប់ទៀតផង។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះ មណ្ឌលគិរីនៅតែជាគោលដៅកម្សាន្តមួយយ៉ាងល្អរបស់អ្នកទេសចរ និងមានចំនួនកើនឡើងជាលំដាប់មិនថមថយនោះទេ ហើយនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងមានអ្នកទេសចរច្រើនកុះករមិនខាន។ លោកបន្តថា សម្រាប់រមណីយដ្ឋានទេសចរណ៍ ឬកន្លែងផ្ដល់សេវាទេសចរណ៍នានា ត្រូវបានធ្វើការចុះវាយតម្លៃទាំងអស់អំពីគុណភាពសេវាកម្ម ជាពិសេសវិធានការពារជំងឺកូវីដ១៩តែម្ដង ហើយសង្កេតឃើញថា អាជីវកម្មទាំងអស់បានអនុវត្តល្អប្រសើរពី៩០ភាគរយទៅជិត១០០ភាគរយឯណោះ ។

លោក ងិន សុវិមាន បញ្ជាក់ថា គិតត្រឹមពេលនេះ ខេត្តមណ្ឌលគិរីមានកំណើនផ្ទះសំណាក់ សណ្ឋគារ រីសត សរុបប្រហែលជាង១.៥០០បន្ទប់ ហើយតាមការជូនដំណឹងរបស់ម្ចាស់អាជីវកម្មស្នាក់នៅទាំងនោះ កន្លែងពួកគាត់ត្រូវកក់បន្ទប់ស្ទើរ១០០%ហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here