មជ្ឈមណ្ឌលសួនកេស “កូល” ប្រមូលបានផ្កាព្រៃជាង៣០០ប្រភេទហើយ

ដោយៈគង់ សិរីជេស៊ីកា

សៀមរាបៈ រហូតមកទល់ពេលនេះ មជ្ឈមណ្ឌលស្រាវជ្រាវអភិរ័ក្សពូជផ្កាសួនកេស “កូល” សុខ អានបន្ទាយស្រី ប្រមូលបានប្រភេទផ្កាព្រៃជាង៣០០មុខហើយ ក្នុងចំណោមផ្កាព្រៃជាង៥០០មុខ។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត្រ ភ័ត្រាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៦ វិច្ឆិកាកន្លងមកថា មជ្ឈមណ្ឌលនេះបានបង្កើតឡើងតាំងឆ្នាំ២០១៨ ដើម្បីថែរក្សា និងអភិរ័ក្សពូជផ្កាព្រៃនានា ដែលយកមកពីតាមបណ្តារាជធានី ខេត្តចំនួន១០។ លោកបន្តថា ការអភិរ័ក្សនេះ ដើម្បីទប់ស្កាត់ការជួញដូរ និងដើម្បីថែរក្សាពូជកេស កូលផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “មជ្ឈមណ្ឌលសួនកេស “កូល”ក៏ជាការផ្សារភ្ជាប់ខ្សែច្រវ៉ាក់ទេសច​រណ៍ធម្មជាតិរវាងក្រុងអង្គរ មកកាន់ស្រុកបន្ទាយស្រី និងឧទ្យានជាតិភ្នំលែន​ផងដែរ”។លោកបន្តថា “មជ្ឈមណ្ឌលសួនកេស “កូល” បានអនុញ្ញាត្តឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ​ចូលទស្សនាដោយឥតគិតថ្លៃ ប៉ុន្តែនាពេលអនាគត យើងនឹងគិតគូជំហ៊ានបន្តទៀត”។

លោកនេត្រ ភ័ត្រាបានបន្តថា ជាមួយគ្នានេះ មជ្ឈមណ្ឌលសួនកេស “កូល” ក៏ជាកន្លែងសំរាកញាំកាហ្វេ របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមុនឡើងភ្នំគូលែន និងចុះពីភ្នំគូលែនផងដែរ ពិសេសពួកកេអាចសិក្សាស្វែងយល់ពីការផ្សព្វផ្សាយ និងអភិរ័ក្សជីវចម្រុះ នៅសួនកេស “កូល”ក្រោមការរៀបចំរបស់ក្រសួងបរិស្ថានផងដែរ។

អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ស្រុកបន្ទាយស្រីមានរមណីយដ្ឋានធម្មជាតិ និងកែច្នៃជាង១០០កន្លែង ពិសេសមជ្ឈមណ្ឌលសួនកេស “កូល” មានទទំហំផ្ទៃដី២០០០ហិកតា និងគំរោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនកោះសសង្សារ នៅក្រុងមូលដ្ឋាននេះ នឹងធ្វើឲ្យស្រុកបន្ទាយស្រីកាន់តែទាក់ទាញការវិនិយោគ និងមានភាពលេចធ្លោផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here