ដោយ៖ ម៉ាណេត
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) នឹងចុះអនុសារណៈក្រោមការយោគយល់ (MOU) នៅថ្ងៃទី២៧ ខែសីហាខាងមុខនេះ ដើម្បីលើកកម្ពស់ និងផ្សព្ធផ្សាយគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាព និងការយល់ដឹងពីគ្នារវាងសមាគម និងធុរកិច្ចរបស់អាមេរិកនៅកម្ពុជា។

លោក ហេង កូយ ប្រធានចាត់ទូទៅនៃសមាគមធនាគារនៅកម្ពុជា បានថ្លែងប្រាប់គេទំព័រ Cambodia Financial Times នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ថា AmCham គឺស្ថាប័នតំណាងអាជីវកម្មរបស់ប្រជាជនអាមេរិក ដូច្នេះយើងធ្វើការងារជាមួយគ្នានេះក្នុងន័យថា ឱ្យសមាជិករបស់ AmCham ផ្សព្វផ្សាយ និងលើកកម្ពស់គោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាពនៅក្នុងសមាជិករបស់ AmCham។
លោក បានបន្តថា ទន្ទឹមនឹងនេះ ក៏ក្នុងគោលបំណងសហប្រតិបត្តិការផ្សេងៗ ជុំវិញការធ្វើវិនិយោគរវាងវិស័យធនាគារ និងខាងធុរកិច្ចនៃប្រជាពលរដ្ឋអាមេរិក។
គោលបំណងក្នុងការចុះ MOU គឺក្នុងន័យថា សមាគមធនាគារមានគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាព (Sustainable Financial Principles) សម្រាប់វិនស័យធនាគារ ហើយធនាគារនិមួយៗនឹងអនុវត្តតាមគោលការណ៍នេះ និងសម្រាប់ប្រតិបត្តការ ដើម្បីការពារគម្រោង និងការពារគ្រោះហានិភ័យនានា ស្របតាមគោលការណ៍របស់សមាគម។
ប្រធានចាត់ទូទៅនៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងទៀតថា សមាគមធនាគារ ឬហៅថា ABC មានក៏គោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយសមាគមផ្សេងៗទៀត ឬជាមួយនឹងសភាពាណិជ្ជកម្ម (Chamber) ផ្សេងៗទៀត ដើម្បីលើកកម្ពស់ និងផ្សព្ធផ្សាយឱ្យគាត់ដឹង និងបានឃើញថា សមាគមធនាគារ និងសមាជិករបស់ខ្លួនមានគោលការណ៍ ដើម្បីការពារបញ្ហាផ្សេងៗ។

លោក បានថ្លែងថា “ការចុះ MOU នៃកិច្ចសហប្រតិបត្តិការគឺធ្វើឡើងដើម្បីឱ្យភាគីទាំងពីរមានការយល់គ្នាពីកិច្ចការរបស់ភាគទាំងពីរ ហើយទី២ ខ្ញុំជឿថា ឱ្យមានជំនឿរទុកចិត្ត ក្នុងន័យថា តើហេតុអ្វីបានសមាជិករបស់សមាគមអនុវត្តគោលការណ៍ទាំងនេះ គឺដើម្បីក្នុងន័យថា ការពារនិរន្តភាព ហើយយើងផ្សព្វផ្សាយឱ្យអ្នកដ៏ទៃបានដឹង ហើយវិស័យផ្សេងៗទៀតបានដឹង ដើម្បីឱ្យគេមើលឃើញថា វិស័យធនាគារមិនមែនធ្វើអាជីវកម្មធនាគារនោះទេ ប៉ុន្តែយើងមានគោលការណ៍ការងារទាំងសង្គម ការពារធម្មជាតិ និងការពាររំលោភបំពានសិទ្ធិជាដើម ដើម្បីបង្កើនជំនឿរ និងទំនុកចិត្តផងដែរ”៕