កម្ពុជាប្រារពទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជាដោយផ្តោតសំខាន់លើធុរកិច្ចក្នុងរបត់ថ្មីនៃសេដ្ឋកិច្ចឌីជីថល

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ធុរកិច្ចក្នុងរបត់ថ្មីនៃសេដ្ឋកិច្ចឌីជីថល បានក្លាយជាប្រធានបទដ៏សំខាន់នៃ
ទិវាសប្ដាហ៍សហគ្រិនភាពសកល-កម្ពុជា ឆ្នាំ២០២១នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ ធុរកិច្ចក្នុងរបត់ថ្មី លើថ្នាលនិងធនធានមនុស្ស ឌីជីថល(Businesses in the new normal for Digital Economy: Digital Platforms and Talents) ដើម្បីស្វែងរកនូវសក្តានុពល ក្នុងនាមជាសហគ្រិននៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងទិវាសប្ដាហ៍សហគ្រិនភាពសកល-កម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុន GGear Group Cambodia ឲ្យដឹងថា ទិវានេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដោយសមាគមក្រោមប្រធានបទខុសៗគ្នា ចាប់តាំងពីឆ្នាំ២០១៣ ក្នុងគោលបំណងលើកទឹកចិត្ត ផ្តល់ចំណេះដឹងដល់យុវជន អ្នកមានបំណងបង្កើតអាជីវកម្ម និងអ្នកកំពុងធ្វើអាជីវកម្ម ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់ពីសហគ្រិនភាព និងមានឱកាសបានជួបជជែក និងសិក្សាស្វែងយល់បន្ថែមពីសហគ្រិនជោគជ័យ ដែលជាវាគ្មិនសុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងវិស័យធុរកិច្ច ក៏ដូចជាក្រសួង ស្ថាបន័ពាក់ពន្ធ័នានា។

លោកបានបន្តថា “ទិវានេះ ពិតជាបានឆ្លើយតបដល់អ្នកបង្កើតគំនិតថ្មី និងអ្នកដែលបានចែករំលែកបទពិសោធន៍ ដល់អ្នកជំនាន់ក្រោយ បានយកមកអនុវត្តន៍លើមុខរបរ និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនផងដែរ ជាពិសេសទទួលយកយុទ្ធសាស្រ្តជំនាញ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីទាញយកផលប្រយោជន៍បានច្រើន ខណៈដែលប្រទេសកម្ពុជាកំពុងវិវឌ្ឍឈានទៅរកសេដ្ឋកិច្ចឌីជីថល និងធ្វើពាណិជ្ជកម្មអេឡិចត្រូនិក”។

ជាមួយគ្នានេះ លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញដល់យុវជន និងសហគ្រិនទាំងអស់ ត្រូវតែមានសមត្ថភាពខ្ពស់ ក្នុងការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ ក្នុងអាជីវកម្មរបស់ខ្លួនថែមទៀត ពិសេសក្រោមការដឹកនាំដ៏ឆ្នើម និងឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដើម្បីជួយជំរុញដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការឈានឡើងជាប្រទេសមានចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទិវាសប្តាហ៍សហគ្រិនភាពសកល ត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅសប្តាហ៍ទី៣ប្រចាំខែវិច្ឆិកា នៅក្នុងប្រទេសជាង១៧០ ដើម្បីអបអរនូវភាពជោគជ័យ និងឥទ្ធិពលនៃសហគ្រិននៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយបំបែកឧបសគ្គខាងវប្បធម៌ និងពង្រីកចំនួនមនុស្សដែលពិចារណា និងព្យាយាមដើម្បីក្លាយជាសហគ្រិន នៅក្នុងឆាកជីវិតរបស់គេធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ធ្វើឲ្យមនុស្សមានការគិតគូរ និងពង្រឹងសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here