ដោយៈ លក្ខិណា
ភ្នំពេញៈ ក្នុងរយៈពេលតែ១០ខែប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារទទួលបានចំណូលពីការប្រមូលពន្ធអាករ លើសផែនការដែលបានកំណត់ សម្រាប់ឆ្នាំ២០២១ទៅហើយ។
យោងតាមរបាយការណ៍បូកសរុប របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១១វិច្ឆិកា២០២១នេះឱ្យដឹងថា ក្នុងរយៈពេល១០ខែដំបូងនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំណូលសរុប២.៣១៥លានដុល្លារអាមេរិក ស្មើនឹង១០៣,២៣ភាគរយ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ឃើញថាបានថយចុះ ចំនួន១២៣,៣៤លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ៥,០៥ភាគរយ ។
សម្រាប់ខែតុលាឆ្នាំ២០២១នេះ ក៏បានបង្ហាញទទួលបានចំណូល២០៨,០៥លានដុល្លារអាមេរិក ស្មើនឹង៩,២៨ភាគរយ នៃផែនការច្បា់បហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងខែតុលាឆ្នាំមុនឃើញថា មានកំនើនប្រមាណ១២,៥២លានដុល្លារឬប្រមាណ៦,៤០ភាគរយ ។
លោកគង់ វិបុលប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារឱ្យដឹងថា ឆ្លងកាត់ស្ថានភាពដ៏លំបាក នៃការរីករាលដាលនៃជំងឺកូវីដ១៩ លទ្ធផលនៃការគ្រប់គ្រងចំណូលពន្ធ សម្រាប់រយៈពេល១០ខែ ឆ្នាំ២០២១ ទោះបីជាមិនប្រសើរជាងរយៈពេលដូចគ្នាឆ្នាំ២០២០ ក៏ប៉ុន្តែអាចនៅមានស្ថានភាពល្អប្រសើរដោយសម្រេចបានលទ្ធផលលើសពីការរំពឹងទុក និងផែនការហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១៕