ដោយៈ សុធារី
អាស៊ានៈ សេដ្ឋកិច្ចឌីជីថល ដែលកំពុងរីកចម្រើនរបស់អាស៊ីអាគ្នេយ៍ ត្រូវបានកំណត់ថា នឹងកើនឡើងទ្វេដងដល់៣៦៣ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ដែលផ្ទុយពីការព្យាករណ៍ពីមុន ដែលមានចំនួនត្រឹម៣០០ពាន់លានដុល្លារ។ នេះបើតាមការស្រាវជ្រាវពី Google, Temasek Holdings Pte និង Bain & Co ដែលត្រូវបានរាយការណ៍ដោយកាសែត BLOOMBERG ។
ក្រុមហ៊ុននានាបាននិយាយ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតរបស់ពួកគេថា ពាណិជ្ជកម្មអេឡិចត្រូនិក ការធ្វើដំណើរប្រព័ន្ធផ្សព្វផ្សាយ ការដឹកជញ្ជូន និងអាហារ កំពុងជំរុញកំណើនឌីជីថលក្នុងតំបន់ ជាមួយនឹងការចំណាយលើអ៊ីនធឺណិតកើនឡើង៤៩% ក្នុងឆ្នាំ២០២១ ដល់១៧៤ពាន់លានដុល្លារ។ តំបន់នេះបានអ្នកប្រើប្រាស់ឌីជីថលថ្មីបន្ថែមទៀតចំនួន៦០លាននាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាកូវីដ១៩។
អាស៊ីអាគ្នេយ៍ ដែលជាទីស្នាក់ការរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ឋរបស់ Alibaba Group យ៉ាង Lazada និង Tencent Holdings Ltd-backed Sea Ltd របស់ នឹងឃើញការកើនឡើង៦២% នៃតម្លៃទំនិញសរុប (GMV) នៃ e-commerce នៅឆ្នាំនេះ ដោយសារកំណើននៃអ្នកប្រើប្រាស់។
ការទិញឥវ៉ាន់អនឡាញ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់២៣៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ធៀបនឹងការប៉ាន់ប្រមាណពីមុន ដែលថាមានត្រឹម១៧២ពាន់លានដុល្លារ ដែលស្មើនឹង 64% នៃ GMV ដែលប៉ាន់ស្មានសរុបក្នុងតំបន់ចំនួន៣៦៣ពាន់លានដុល្លារ។
លោក Stephanie Davis អនុប្រធានក្រុមហ៊ុន Google ប្រចាំអាស៊ីអាគ្នេយ៍ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ថា “យើងបន្តឃើញអ្នកប្រើប្រាស់មកលើអ៊ីនធឺណិតក្នុងល្បឿនដ៏ខ្លាំងមួយ”។ លោកបន្តថា “ អ្នកប្រើប្រាស់ឌីជីថល ពិតជាបានកាន់កាប់ទាំងស្រុង ចាប់តាំងពីជំងឺកូវីដ១៩រាតត្បាត។ យើងកំពុងមើលឃើញទសវត្សរ៍ឌីជីថលនៅពីមុខយើង ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលទ្ធភាពនៃសេដ្ឋកិច្ច១ពាន់ពាន់លានដុល្លារក្នុងលំហឌីជីថលត្រឹមឆ្នាំ២០៣០”។
របាយការណ៍បានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ី គឺជាសេដ្ឋកិច្ចឌីជីថលដ៏ធំបំផុតរបស់តំបន់ ដែលការចំណាយលើអ៊ីនធឺណិត អាចនឹងកើនឡើងទ្វេដងដល់១៤៦ពាន់លានដុល្លារនៅឆ្នាំ២០២៥។ កិច្ចព្រមព្រៀងបណ្តាក់ទុន នៅក្នុងប្រទេសក្នុងឆមាសទីមួយនៃឆ្នាំ២០២១ បានលើសពីចំនួនសរុបពេញមួយឆ្នាំ នៃរៀងរាល់៤ឆ្នាំកន្លងមក។ ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាលឿនបំផុត ក្នុងចំណោមប្រទេសទាំងប្រាំមួយ ដែលត្រូវបានតាមដានដោយការសិក្សានេះ ដែលជិតបីដងនៅក្នុង GMV តាមអ៊ីនធឺណិតក្នុងរយៈពេល៤ឆ្នាំខាងមុខ៕