អភិបាលស្រុកបន្ទាយស្រីលើកឡើងពីសក្តានុពលនិងទិសដៅនាពេលអនាគតរបស់ស្រុកបន្ទាយស្រី

ដោយ: ម៉ាលីស

សៀមរាបៈ ស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប ជាតំបន់ប្រកបដោយសក្តានុពលទេសចរណ៍ដ៏ល្បីល្បាញ ព្រមនឹងការរីកចម្រើន និងអភិវឌ្ឍន៍គួរអោយកត់សម្គាល់។

ក្នុងរយៈពេល១០ ទៅ២០ឆ្នាំខាងមុខ ស្រុកបន្ទាយស្រីនឹងជាចំនុចពិសេសមួយ ក្លាយជាក្រុងទី២ នៃខេត្តសៀមរាប បន្ទាប់ក្រុងសៀមរាបជាក្រុងទី១។ នេះបើតាមចក្ខុវិស័យរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក្នុងកិច្ចសម្ភាសពិសេសមួយជាមួយគេហទំព័រ Property Area Asia កាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ឃឹម ហ្វីណង់បានមានប្រសាសន៍ថា តាំងពីលោកចូលបំរើការងារនៅស្រុកនេះអស់រយៈពេលជិត២ឆ្នាំមកហើយ សក្តានុពលក្នុងស្រុកនេះគឺមានស្រាប់ទៅហើយ។ ជាក់ស្តែងលោកឃើញមាន ប្រាសាទបន្ទាយស្រី ដែលជាប្រាសាទមានរចនាបទស្អាតនិងទាក់ទាញមួយក្នុងចំណោមប្រាសាទសំខាន់ៗទាំង៤ ដែលភ្ញៀវទេសចរកម្ររំលង មានដូចជា ប្រាសាទអង្គរវត្ត អង្គរធំ តាព្រហ្ម និងបន្ទាយស្រី។

ក្រៅពីនោះ យើងឃើញមានភ្នំគូលែន ដែលមានទីតាំងស្ថិតក្នុងស្រុកបន្ទាយស្រីនិងស្វាយលើ ដូច្នេះភ្ញៀវទេសចរទៅទស្សនាភ្នំគូលែន ត្រូវតែឆ្លងកាត់ស្រុកន្ទាយស្រី ដែលនាំឱ្យអ្នកទេសចរ មានរហូតដល់រាប់លាននាក់ក្នុងមួយឆ្នាំៗ មុនកូវីដ១៩។

សក្តានុពលធំជាងគេនៃខេត្តនេះ គឺវិស័យទេសចរ ដែលអាចលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីនេះ បានយូរអង្វែង គឺស្ថិតវិស័យទេសចរនេះឯង ដោយសារយើងឃើញថា ទេសចរមានគុណតម្លៃខ្ពស់ ក្នុងវិស័យសេដ្ឋកិច្ច បើធៀបទៅនឹងផ្នែកដទៃផ្សេងទៀត។ តែប្រជាពលរដ្ឋនៅក្នុងខេត្តនេះ ក៏ប្រកបរបរកសិកម្មប្រមាណ៧០% ដែលភាគច្រើនជាកសិកម្មជាលក្ខណៈគ្រួសារប៉ុណ្ណោះ។

លោកបានបង្ហើបគោលដៅ និងផែនការលើកកំពស់ជីវភាពប្រជាជនក្នុងស្រុកបន្ទាយស្រីដូច្នេះថា “គោលដៅផែនការនៃស្រុកបន្ទាយស្រី គឺយើងយកវិស័យទេសចរមកដាក់កណ្តាល ហើយយើងយកវិស័យផ្សេងៗទៀតអោយរត់តាម។ ក្រៅពីនោះ អាជ្ញាធរ ក៏មានការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានផងដែរ ព្រោះភូមិស្ថានស្អាតទាក់ទាញភ្ញៀវទេសចរ បង្កើនប្រាក់ចំណូលនិងលើកកំពស់ជីវភាពរបស់ពួកគាត់”។

លោកបន្ថែមថា យោងតាមទិន្នន័យ មុនពេលកូវីដ១៩ បន្លែសាច់ផ្លែឈើដែលប្រើប្រាស់ជាប្រចាំ ក្នុងខេត្តសៀមរាបក្នុងមួយឆ្នាំៗ ប្រហែល៨០% ត្រូវបាននាំចូលពីខេត្តដទៃឬប្រទេសដទៃ។ ដូចនេះលោកក៏ចង់អោយវិស័យកសិកម្ម រត់តាមវិស័យទេសចរនេះដែរ។ លោកចង់ឱ្យស្រុកបន្ទាយស្រី ដែលនៅកៀកនឹងក្រុងសៀមរាប អាចផ្គត់ផ្គង់តម្រូវការទេសចរជាតិនិងអន្តរជាតិ។

លោកបានបញ្ជាក់ថា តាមរយៈការកែប្រែកសិកម្មធម្មតា ទៅជាកសិទេសចរ ក៏អាចលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអាចកាត់បន្ថយចំណាកស្រុកផងដែរ។

លោកបញ្ជាក់បន្ថែមថា “ការគៀងគរអោយប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរនៅតែពិបាក មានផ្នែកខ្លះទទួលបានជោគជ័យ និងផ្នែកខ្លះមិនជោគជ័យផងដែរ។ ដូចនេះកត្តាសំខាន់ មិនថារឿងសំរាម រឿងបរិស្ថាន ឬជីវភាពរបស់ពួកគាត់ទេ ការផ្តេកផ្តួលមកលើអាជ្ញាធរតែមួយផ្នែក គឺមិនទទួលបានជោគជ័យទេ បើអាជ្ញាធរមានតួនាទីសម្របសម្រួល។ ដូចនេះទាមទារអោយប្រជាពលរដ្ឋ ត្រូវប្រើប្រាស់សិទ្ធដើម្បីចូលរួមជាមួយអាជ្ញាធរ ទើបអាចទទួលបានជោគជ័យទាំងស្រុង”។

លោកក៏រំពឹងថា ទៅថ្ងៃអនាគតស្រុកបន្ទាយស្រី អាចសម្រេចបាននូវការលើកកំពស់ជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ។ លោកមានចក្ខុវិស័យ ទៅលើស្រុកបន្ទាយស្រីក្នុងរយៈពេល១០ ទៅ២០ឆ្នាំខាងមុខថា “ស្រុកបន្ទាយស្រីនឹងជាចំនុចពិសេសមួយ ក្លាយជាក្រុងទី២ នៃខេត្តសៀមរាប បន្ទាប់ក្រុងសៀមរាបជាក្រុងទី១”៕

LEAVE A REPLY

Please enter your comment!
Please enter your name here