តើប្រជាពលរដ្ឋត្រូវគិតពីអ្វីខ្លះមុនខ្ចីឥណទានពីធនាគារ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រជាពលរដ្ឋកម្ពុជាជាច្រើន បានយកឥណទានពីធនាគារ និងមីក្រូហិរញ្ញវត្ថុទៅប្រើប្រាស់ក្នុងគោលដៅដើម្បី បង្កើនកម្រិតជីវភាពតាមរយៈការបង្កើតអាជីវកម្មថ្មី ឬក៏ពង្រីកអាជីវកម្មចាស់ ក៏ប៉ុន្តែពលរដ្ឋមួយចំនួនហាក់មិនបានដឹងថា តើត្រូវធ្វើដូចម្ដេចដើម្បីអោយការប្រើប្រាស់ឥណទាន ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅឡើយ។

លោកហៀង ហៃ នាយកធនាគារអេស៊ីលីដាភីអិលស៊ីសាខាមុខកំពូល បានរៀប​រាប់អោយដឹងថា អតិថិជនទាំងអស់ មុននឹងសម្រេចចិត្តខ្ចីឥណទានពីធនាគារ ឬគ្រឹះស្ថានណាមួយនោះ ត្រូវសិក្សាអោយបានច្បាស់ នូវអត្រាការប្រាក់ពីធនាគារនីមួយៗ ក្នុងនោះដែរអតិថិជនមួយចំនួនបានដើរសិក្សា ពីអត្រាការប្រាក់នៅតាមធនាគារនានា រួចស្រេចមុននឹងសម្រេចយកកម្ចីឥណទានទៅប្រើប្រាស់។

បន្ទាប់មកទៀត ដើម្បីអោយការប្រើប្រាស់ឥណទាន អោយមានប្រសិទ្ធភាពអតិថិជនក៏ត្រូវមានមុខរបរពិតប្រាកដ ដែលមានន័យថា តើអតិថិជនយកកម្ចីឥណទានទៅធ្វើអ្វី បង្កើតអ្វី ហើយអាចរកចំណូលបានដែរទេ។ អតិថិជនក៏ត្រូវដឹង និងសិក្សាអោយបានច្បាស់ពីចំណូលនៃអាជីវកម្ម ជាមួយនឹងការបង់សងត្រលប់ទៅកាន់ធនាគារវិញផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហៀង ហៃបានបន្តថា “សម្រាប់ធនាគារវិញក៏មានផែនការច្បាស់លាស់ មុននឹងផ្ដល់កម្ចីទៅអតិថិជនណាម្នាក់ផងដែរ ជាក់ស្ដែងធនាគារអេស៊ីលីដា មុននឹងផ្ដល់កម្ចីទៅអតិថិជនក៏បាន ចុះពិនិត្យជាក់ស្ដែងដល់ផ្ទះដើម្បីអោយដឹងថា អតិថិជននោះមានទីលំនច្បាស់លាស់ដែរទេ”។ លោកបន្ថែមថា “មុខរបររបស់អតិថិជន ជាប្រភេទរបរអ្វីស្របច្បាប់ឬអត់ ព្រោះតាមគោលការណ៍ធនាគារនឹងមិនផ្ដល់កម្ចីទៅអតិថិជនទៅប្រើប្រាស់ខុសច្បាប់ឬបំផ្លាញបរិស្ថាន  ឬក៏ប៉ះពាល់ដល់សង្គមឡើយ”។

លោកសៀង ហៃបានបន្ថែមថា ការដាក់ពាក្យស្នើសុំឥណទានរបស់អតិថិជន ទៅកាន់ធនាគារ នាពេលបច្ចុប្បន្ននេះ ប្រើរយៈពេលខ្លីជាងកាលពីមុនឆ្ងាយណាស់ ជាក់ស្ដែងឥណទានខ្លះដាក់ពីព្រឹក ពេលល្ងាចអាចទទួលយកឥណទានទៅប្រើប្រាស់បានហើយ បើសិនជាអតិថិជនមានឯកសារបញ្ជាក់ត្រឹមត្រូវ ព្រោះការដាក់ពាក្យស្នើសុំកម្ចីនាពេលនេះ ក៏មានរបៀបធ្វើតាមអនឡាញ អេឡិចត្រូនិកដែលមានលក្ខណៈរហ័សលឿនខុសពីមុន។

ទោះបីជាកម្ពុជាបានជួបវិបត្តិនឹងកូវីដ១៩ក្ដី ក៏បណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុបន្តផ្ដល់ឥណទានដល់អតិថិជនរបស់ខ្លួន ជាពិសេសវិស័យដែលរងផលប៉ះពាល់ពីជំងឺកូវីដ​១៩ ដើម្បីអោយសហគ្រិនអាចមានលទ្ធភាព ក្នុងការរៀបចំដំណើរការអាជីវកម្មឡើងវិញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here