ការីទេសចរណ៍កម្ពុជាកំពុងធ្វើការជាមួយភ្នាក់ងារបរទេសដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ ខណៈក្រុមហ៊ុនអាកាសចរណ៍ពីរត្រៀមភ្ជាប់ជើងហោះហើរ

ដោយៈជេស៊ីកា

ភ្នំពេញៈ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍៍កម្ពុជា (CATA) លោកស្រិឆាយ ស៊ីវលីនបានថ្លែងថា ការីទេសចរណ៍កម្ពុជាកំពុងធ្វើការងារយ៉ាងសកម្ម ជាមួយភ្នាក់ងារទេស​ចរណ៍អន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ។

លោកស្រីបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាម កាលពីចុងសប្តាហ៍មុនថា វាជាដំណឹងដ៏រីករាយមួយ ដែលរដ្ឋាភិបាលបានប្រកាសជាផ្លូវការ បើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងនៅចុងខែវិច្ឆិកានេះ ដែលវាជាសញ្ញាល្អសម្រាប់វិស័យនេះ បន្ទាប់ពីរងបញ្ហាដោយសារជំងឺកូវីដ១៩រយៈពេលជិត២ឆ្នាំកន្លងមកនេះ។

លោកស្រីបន្តថា “ការីទេសចរណ៍នានាបាន និងកំពុងរៀបចំរចនាកញ្ចប់ទេសច​រណ៍បែបណាឲ្យមានភាពទាក់ទាញ ព្រោះយើងក៏ត្រូវប្រកួតប្រជែងជាមួយប្រទេសជិតខាងផងដែរ”។ លោកស្រីបន្តថា “ជាមួយគ្នានេះ ក៏ទាមទារឲ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចាប់់ផ្តើមការងារផងដែរ ព្រោះបើអាកាសចរណ៍ក្នុងស្រុកមិនដំណើរការ យើងក៏មិន​ទទួលបានជោគជ័យដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីឆាយ ស៊ីវលីនបានបន្តថា បច្ចុប្បន្ននេះ ទោះជាព្រលានយន្តហោះក្រុងព្រះសីហនុ ក្លាយជាព្រលានយន្តហោះអន្តរជាតិក្តី ក៏អាកាសចរណ៍នានាត្រូវហោះមកកាន់រាជធានីភ្នំពេញ និងត្រូវឲ្យភ្ញៀវរង់ចាំជើងយន្តហោះបន្ត ទៅក្រុងព្រះសីហនុបន្តទៀត ហេតុនេះ ការមានអាកាសចរណ៍ច្រើន និងហោះញឹកញាប់ក៏ជួយសម្រួលឲ្យភ្ញៀវមិនមានភាពធុញទ្រាន់ផងដែរ។

លោកស្រីឆាយ ស៊ីវលីនបានបន្តថា ជុំវិញការទាក់ទាញភ្ញៀវអន្តរជាតិមកវិញ ក៏ទាមទារពេលវេលាផងដែរ ព្រោះវិស័យទេសចរណ៍ទាមទារធ្វើផែនការទាំងអ្នកលក់ ទាំងអ្នកធ្វើកញ្ចប់ទស្សនកិច្ច និងទាំងភ្ញៀវទេសចរណ៍ផងដែរ ព្រោះមុនពេលពួកគេចង់ទៅ​ប្រទេសណា ពួកគេក៏ឆែកព៌តមានតាមបណ្តាញសារព៌តមាននានាថា គោលដៅដែលពួកគេចង់ទៅតើមានសុវត្ថិភាព និងទុកចិត្តកម្រិតណាផងដែរ ពោលគឺការងារនេះត្រូវការរយៈពេល៣សប្តាហ៍ទៅមួយខែ ដើម្បីពួកគេកក់កញ្ចប់ទស្សនកិច្ច។

បើតាមលោកហូ វណ្ឌីទីប្រឹក្សាសមាគម CATA បានឲ្យដឹងផងដែរថា ក្រុមហ៊ុនអា​កាសចរណ៍ Bangkok Airway នឹងចាប់ផ្តើមហោះពីក្រុងបាងកក មកកាន់រាជធានីភ្នំពេញនៅថ្ងៃទី១ ធ្នូខាងមុខនេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឈ្មោះឡានម៉ី នឹងធ្វើការហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងបាងកកក្នុងខែធ្នូផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here