ដំណឹងល្អៈក្រុមហ៊ុនអាកាសចរណ៍ពីរនឹងភ្ជាប់ការហោះហើរមកកម្ពុជា និងពីកម្ពុជាទៅទីក្រុងបាងកក

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ ជាដំណឹងល្អមួយសម្រាប់កម្ពុជា ដោយក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរនឹងភ្ជាប់ជើងហោះហើរពីទីក្រុងបាងកក មកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ទីក្រុងបាងកកនាថ្ងៃទី១ ធ្នូខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៩ តុលានេះថា ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airway បានជូនដំណឹងមកកម្ពុជារួចហើយ ពីការភ្ជាប់ជើងហោះហើរពីក្រុងបាងកកមកកាន់រាជធានីភ្នំពេញចំនួន៤លើក ក្នុងមួយសប្តាហ៍។ លោកបន្តថា ចំណែកក្រុមហ៊ុនអាកា​សចរណ៍ក្នុងស្រុកឡានម៉ី គ្រោងនឹងភ្ជាប់ជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ក្រុង​បាងកកនាថ្ងៃទី១ ធ្នូឆ្នាំ២០២១ផងដែរ។

លោកបន្តថា “វាជាសញ្ញាល្អមួយ ដែលមានន័យថានៅពេលអាកាសចរណ៍ចាប់ ផ្តើមហោះហើរ វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគនឹងដើរព្រមគ្នាផងដែរ”។

ជាមួយគ្នានេះ លោកហូ វណ្ឌីបានស្នើរដ្ឋាភិបាល តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជួយបន្ឋូរបន្ថយឬលើកលែងពន្ឋ លើជើងហោះហើររយៈពេល៦ខែផងដែរ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍នានា ឲ្យហោះហើរមកកាន់កម្ពុជាកាន់តែច្រើន។

រាជរដ្ឋាភិបាលបានប្រកាសទីតាំងសំខាន់ៗចំនួនបី ដើម្បីទទួលទេសចរណ៍វ៉ាក់សាំងអន្តរជាតិ ដូចជា នៅតំបន់តារាសាគរខេត្តកោះកុង ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ការបើកចំហរគោលនយោបាយទទួលទេសចរណ៍របស់រដ្ឋាភិបាល នឹងជួយដល់វិស័យទេសចរណ៍ ដែលយើងរំពឹងថា វិស័យនេះនឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here