វិធានការថ្មីៗរបស់រដ្ឋាភិបាលគឺជាសញ្ញាវិជ្ជមាននៃវិស័យទេសចរណ៍ ដែលលង់លក់រយៈពេលជិត២ឆ្នាំ

ដោយៈ លក្ខិណា

ភ្នំពេញៈ មួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការថ្មីបន្តបន្ទាប់ ដើម្បីឈានទៅបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញនៅពេលឆាប់ ខណៈអាជីវកម្មមួយចំនួននៅភ្នំពេញ និងខេត្តសក្ដានុពល ក៏ចាប់ផ្ដើមដំណើរឡើងវិញបណ្ដើរៗផងដែរ។

យោងតាមសេចក្តីប្រកាសបន្តបន្ទាប់របស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ តុលាកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានបន្ធូរបន្ថយ នូវលក្ខខណ្ឌជាច្រើន ដើម្បីធ្វើយ៉ាងណាឈានទៅរកការបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ក្នុងនោះដូចជា លក្ខខណ្ឌក្នុងការធ្វើចត្តាឡីស័ក របស់ជនបរទេសចូលមកកម្ពុជា ការអនុញ្ញាតឱ្យវិនិយោគិនបរទេសចូលរកដៃគូវិនិយោគ ការប្រកាសបើកជើងហោះហើរ ពីប្រទេសមួយចំនួនចូលមកកម្ពុជា និងការមិនធ្វើចត្តាឡីស័ករបស់អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយពីកូវីដ១៩ជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ការលុបចោលនូវការផ្អាកជើងហោះហើរត្រង់ ពីប្រទេសមួយចំនួនដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជាកាត់បន្ថយចំនួនថ្ងៃ នៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរបរទេសចូលមកកម្ពុជា គឺជាសញ្ញាវិជ្ជមានដ៏ល្អប្រសើរមួយ សម្រាប់វិស័យទេសចរណ៍ ពីព្រោះយើងពិតជាពិបាកក្នុងការទ្រាំ ការបិទបន្តទៀតបានណាស់ ។

លោកស្រីបន្តថា “យើងដឹងហើយថាជំងឺកូវីដ១៩នេះនៅតែបន្ត ហើយវាមិនងាយទៅណាបាត់នោះទេ ដូច្នេះយើងត្រូវរួមគ្នាក្នុងការទប់ស្កាត់ និងអនុវត្តន៍តាមវិធានការរបស់ក្រសួងពាក់ព័ន្ធទាំងអស់ ដូចជា ត្រូវប្រតិបត្តិតាមស្ដង់ដារ ដែលបានដាក់ចេញដោយក្រសួងស្ថាប័នពាក់ព័ន្ធ ដូច្នេះយើងនឹងអាចបញ្ជៀសបាន ពីការរាតត្បាតជំងឺនេះកាន់តែធំទៅ”។ លោកស្រីបន្ថែមថា “ក្តីសង្ឃឹមចុងក្រោយរបស់អ្នករកទទួលវិស័យទេស​ចរណ៍កម្ពុជានៅពេលនេះ គឺការបើកប្រទេសវិញរបស់រដ្ឋាភិបាល ហើយបើសិនជារដ្ឋាភិបាលនៅតែបន្តបិទប្រទេសបន្តទៀត អ្នករកស៊ីវិស័យទេសចរណ៍ពិតជាជួបវិបត្តិកាន់តែធំ”។

លោកឆាយ ស៊ីវលីនបានបន្តថា ពេលនេះប្រតិបត្តិករវិស័យទេសចរណ៍ជាច្រើនកំពុងតែដេកត្រេកអររឃិបរឃុប និងត្រៀមខ្លួនក្នុងការបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញនៅពេលរដ្ឋាភិបាល ប្រកាសបើកទាំងស្រុងនៅពេលណាមួយនោះ។

ទោះបីជាកម្ពុជា មិនទាន់បើកទាំងស្រុងនូវទេសចរណ៍អន្តរជាតិក្ដី តែក្រសួងទេស​ចរណ៍កម្ពុជាកន្លងមក ក៏នៅតែបន្តបណ្ដុះបណ្ដាលធនធានមនុស្ស នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍មួយចំនួន ដើម្បីស្វាគមន៍នៅពេលដែលកូវីដ១៩ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here