ដោយៈ សុផារី
ភ្នំពេញៈ ធនាគារប្រៃសណីយ៍កម្ពុជា ត្រូវបានប្រសិទ្ធនាមជា “ធនាគារផ្តល់ហិរញ្ញប្បទាន SME ឆ្នើមឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី» ឬ «SME Financier of the Year – ASIA» ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក (World Bank) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម ២០២១ (SME Finance Forum ២០២១)។
ពានរង្វាន់ឆ្នើមមួយនេះបានប្រគល់ជូនធនាគារ ប្រៃសណីយ៍កម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រោមលក្ខន្តិកៈ ជាធនាគារដែលផ្តល់ហិរញ្ញប្បទាន សហគ្រាសខ្នាតតូច និងមធ្យមច្រើនបំផុត ជាធនាគារដែលមានអតិថិជនហិរញ្ញប្បទាន អាជីវកម្មច្រើនបំផុត ជាធនាគារដែលមានកំណើន ហិរញ្ញប្បទានអាជីវកម្មច្រើនបំផុត ជាធនាគារដែលមានកំណើនប្រាក់បញ្ញើ ពីបណ្តាសហគ្រាសខ្នាតតូច និងមធ្យមច្រើនបំផុត។
រយៈពេលពេញមួយឆ្នាំនៃប្រតិបត្តិការ ធនាគារបានបន្តធ្វើបានយ៉ាងល្អ ក្នុងការជួយ ជ្រោមជ្រែងដល់អាជីវកម្ម គ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជាហិរញ្ញប្បទានសម្រាប់ប្រើប្រាស់ក្នុងការពង្រីក គាំទ្រ និងបន្ថែមទុនបង្វិលសម្រាប់អាជីវកម្ម។
ក្នុងឆ្នាំ២០២១នេះ ធនាគារ ក៏បានធ្វើកិច្ចសហការ ក្នុងការផ្តល់សហហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមជាមួយស្ថាប័នធំៗចំនួន៣ ក្នុងប្រទេសកម្ពុជា រួមមាន ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំដើម្បីសម្រួលដល់ការ ផ្តល់ជូនហិរញ្ញប្បទានជូនអតិថិជន និងម្ចាស់អាជីវកម្មទាំងអស់ ឱ្យទទួលបានហិរញ្ញប្បទានអាជីវកម្មជាមួយនឹងលក្ខន្តិកៈងាយស្រួល អត្រាការប្រាក់ទាប ក៏ដូចជាការធានា លើទ្រព្យបញ្ចាំជាដើម។
លោក Matthew Gamser នាយកប្រតិបត្តិវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមបានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ សង្កេតឃើញស្ថាប័នគួរ ឱ្យចាប់អារម្មណ៍ជាច្រើន បានធ្វើប្រតិបត្តិការ ក្នុងការជួយកែលម្អលទ្ធភាព ទទួលបានហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតតូច និងមធ្យម និងបានឃើញពីការបង្កើតថ្មីដ៏អស្ចារ្យជាច្រើន ក៏ដូចជា ឃើញពីឱកាសថ្មី សម្រាប់ដោះស្រាយបញ្ហាវិសមភាពយេនឌ័រ អាយុ និងវិសមភាពផ្សេងទៀត ហើយក៏បានឃើញពីវិធីសាស្ត្រថ្មី ក្នុងការកំណត់អតិថិជនអាទិភាព និងធានាថាហិរញ្ញប្បទានទាំងអស់ ប្រកបដោយទំនួលខុសត្រូវ និងមានអត្ថប្រយោជន៍យ៉ាងពិតប្រាកដ។
លោកបន្តថា “ការប្រកួតប្រជែងឆ្នាំ២០២១ នាំមកនូវការច្នៃប្រឌិតច្រើនជាងមុន សមិទ្ធផលធំជាងមុន និងសក្តានុពលធំជាងមុនផងដែរ”៕