តើខេត្តព្រះសីហនុត្រៀមខ្លួនដូចម្តេចដើម្បីទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ

ដោយៈគង់ សិរីជេស៊ីកា

ព្រះសីហនុៈ ខេត្តព្រះសីហនុ ក្លាយជាគោលដៅទេសចរណ៍ចម្បងមួយ សំរាប់ការបើកទទួលភ្ញៀវអន្តរជាតិឡើងវិញ នៅពេលខាងមុខ ខណៈរដ្ឋាភិបាលបាននិងកំពុងត្រៀមបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិនាពេលខាងមុខ។

ជាការត្រៀមខ្លួនលើការស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញនេះ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ២០២១ ជាមួយសមាគមទេសចរណ៍ សមាគមសណ្ឋាគារ និងភោជនីយដ្ឋាន សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន អ្នកគ្រប់គ្រងសណ្ឋាគារ និងអ្នកគ្រប់​គ្រងភោជនីយដ្ឋានក្នុងខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា ( SOP) តាមបែបកន្លងថ្មីសម្រា​ប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានដូចជា ទី១ គោលការណ៍ណែនាំសម្រាប់ភ្ញៀវ ទី២ គោលការណ៍ណែនាំសម្រាប់បុគ្គលិក ទី៣ ការសម្លាប់មេរោគ ទី៤ ការគ្រប់គ្រងភោជនីយដ្ឋាន ទី៥ សេវាកម្មដឹកជញ្ជូន ទី៦ ការកំណត់រចនាសម្ព័ន្ធ និងការរៀបចំភោជនីយដ្ឋាន។

លោកគួច ចំរើនបានមានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីផ្សព្វផ្សាយ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្រង់ដារអប្បរមា (SOP) តាមបែបកន្លងថ្មី ដូច្នេះម្ចាស់អាជីវកម្ម ត្រូវខិតខំស្វែងយល់ពីបទបង្ហាញ វិធានសុវត្ថិភាពស្តង់ដារ (SOP) ថ្វីត្បិតតែជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ មានការធូរស្រាលប្រសើរឡើង ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការនានា ដូចជាវិធានសុខាភិបាល និងវិធានការ ៣.ការពារ និង ៣.កុំ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ល។

លោកបន្តថា រាជរដ្ឋាភិបាលបានខិតខំស្វែងរកវ៉ាក់សាំង និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានក្រុមគ្រូពេទ្យខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងក្រុមគ្រូពេទ្យយោធាចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយឡែកខេត្តព្រះសីហនុ ប្រជាពលរដ្ឋចាក់វ៉ាក់សាំងបានចំនួនជាង ២៩ម៉ឺននាក់ ស្មើនឹង ៩២,៧១ ភាគរយ ហើយយើងនៅបន្តចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តអត់ចង់បិទ អត់ចង់ផ្អាកអាជីវកម្មបងប្អូននោះទេ បងប្អូនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធានសុវត្ថិភាព (SOP)ឱ្យបានត្រឹមត្រូវ ដើម្បីបើកទេសចរណ៍ និងសេដ្ឋកិច្ចសង្គមឡើងវិញ។

យើងត្រូវរួមគ្នារស់នៅតាមបែបកន្លងថ្មី ជាមួយកូវីដ-១៩ ដើម្បីបើកទេសចរណ៍ផ្ទៃក្នុង និងទេសចរណ៍បរទេសឡើងវិញនៅពេលខាងមុខ ក៏ដូចជាបង្កើនមុខរបររបស់បងប្អូន ដូច្នេះត្រូវមានការចូលរួមពីបងប្អូនផងដែរទើបទទួលបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here