ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ កំណើននៃការវិនិយោគពីបរទេស បានធ្វើឲ្យប្រទេសកម្ពុជាទទួលបានការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចកាន់តែច្រើនឡើង។ កំណើនឡើងនៃចំនួនតំបន់សេដ្ឋកិច្ចពិសេស ជាសញ្ញាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយវាជាបច្ច័យមួយពាក់ព័ន្ធនឹងកំណើនវិស័យអចលនទ្រព្យផងដែរ។
បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣៦ និងនៅតាមបណ្តាខេត្តដូចជា៖ ខេត្តព្រះសីហនុ កោះកុង និងស្វាយរៀង។ ក្រុមហ៊ុនដែលបោះទុនវិនិយោគទាំងនោះ ភាគច្រើនសុទ្ធតែជាក្រុមហ៊ុនបរទេសដូចជា ក្រុមហ៊ុនចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និងថៃជាដើម។ សម្រាប់តំបន់សេដ្ឋកិច្ចនៅក្នុងក្រុងព្រះសីហនុ ភាគច្រើនត្រូវបានវិនិយោគ ដោយក្រុមហ៊ុនចិន ក្នុងនោះមនាក្រុមហ៊ុនចំនួន១៣១ កំពុងប្រតិបត្តិការ និងផ្តល់ការងារដល់មនុស្សចំនួន២២,០០០នាក់។
ការបណ្តាក់ទុកវិនិយោគពីបរទេស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានរដ្ឋភិបាលលើកទឹកចិត្តខ្ពស់។ វាល្អត្រង់ថាមានការអនុគ្រោះពន្ធ ឬយកពន្ធតិច និងមានតម្លៃពលកម្មទាប ដែលជាកត្តាអំណោយផលដល់ប្រតិបត្តិការពាណិជ្ជកម្ម។
លក្ខណៈពិសេសរបស់តំបន់សេដ្ឋកិច្ចពិសេស នៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុនអាចគ្រប់គ្រងដោយខ្លួនឯង ហើយគ្រប់សេវាកម្មទាំងអស់មាននៅមួយកន្លែង ដែលអតិថិជនអាចរកបាន និងមានសុវត្ថិភាព។
ដើម្បីទាក់ទាញឲ្យមានការវិនិយោគពីបរទេស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រដ្ឋបានអនុគ្រោះពន្ធ និងផ្តល់ទិដ្ឋាការអចិន្ត្រៃយ៍ ដល់អ្នកវិនិយោគទុនថែមទៀត។ នេះជាមូលហេតុចម្បង ដែលទាក់ទាញក្រុមហ៊ុនជាច្រើន ឲ្យមកបោះទុនវិនិយោគ តំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន និងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។
ទោះយ៉ាងណាអ្នកជំនាញបាន លើកឡើងពីបញ្ហាពីរដែលរាំងស្ទះដល់កំណើនរោងចក្រឧស្សាហកម្មនៅកម្ពុជា ពោលគឺកង្វះកំលាំងពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
មានមតិជាច្រើនពីក្រុមហ៊ុនបរទេសបានលើកឡើងថា ប្រទេសកម្ពុជាគួរតែដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ទើបអាចធ្វើឲ្យប្រតិបត្តិការពាណិជ្ជកម្មមានភាពរលូន។
ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលបានកំពុងព្យាយាម ផ្តល់ហេដ្ឋារចនាសម័ន្ធល្អប្រសើរនៅទូទាំងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតរដ្ឋបានបញ្ចុះតម្លៃការដឹកជញ្ជូន និងតម្លៃអគ្គីសនី ដែលមានកម្រិតខ្ពស់ជាងប្រទេសជិតខាងដូចជា៖ ថៃ និងវៀតណាម។
ទាក់ទងនិងវិស័យអចលនទ្រព្យ តំបន់សេដ្ឋកិច្ចពិសេស បាននដើរតួរជាផ្នែកមួយដ៏សំខាន់សម្រាប់អភិវឌ្ឍអចលនទ្រព្យ ហើយទីផ្សារអចលនទ្រព្យ ត្រូវបានគេមើលឃើញថានឹងបន្តមានកំណើនឡើងថែមទៀត៕