ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុង បានថ្លែងថា ទោះជាមានបញ្ហាប្រឈមដផោយសារជំងឺកូវីដ១៩ក្តី ប៉ុន្តែធនាគារហត្ថាបានសម្រេចនូវផែនការ និងសូចនាកររបស់ខ្លួនសំរាប់ឆ្នាំនេះ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាមកាលពីល្ងាចថ្ងៃទី១២ តុលាកន្លងមកថា ជាមួយនឹងផែនការយុទ្ឋសាស្រ្តជាក់លាក់ គិតមកដល់ដើមត្រីមាសទី៤ឆ្នាំនេះ យើងបានមើលឃើញភាពរីកចម្រើនរបស់យើង ស្របតាមតាមសូចនាកររបស់ធនាគារចង់បាន ដោយយើងសម្រេចបានកំនើនឥណទានក្នុងរង្វង់២០ភាគរយ និងប្រាក់បញ្ញើរកើនឡើងប្រមាណ២០ភាគរយផងដែរ។
លោកបន្តថា “យើងទទួលបានជោគជ័យ បើគិតមកដល់ដំណាច់ត្រីមាសទី៣ឆ្នាំនេះ និងរីកចម្រើនបន្តទៅមុខទៀត នៅក្នុងត្រីមាសទី៤នាដំណាច់ឆ្នាំនេះ”។លោកបន្តថា “ការរីកចម្រើនរបស់ធនាគារហត្ថា បាននិងកំពុងផ្តល់សេវាកម្មដល់អតិថិជនបានកាន់តែទូលំទូលាយ ដូចជាសេវាកម្មផ្ទេរប្រាក់អន្តរធនាគារ ដោយអាចផ្ទេរពីហត្ថាទៅកាន់ធនាគាសរផ្សេងៗ និងពីធនាគារផ្សេងៗបានយ៉ាងងាយស្រួលផងដែរ”។
លោកឧកញ៉ាហួត អៀងតុងបានបន្តទៀតថា ជាមួយគ្នានេះធនាគារបានផ្តល់សេវាកម្មធានារ៉ាប់រងផ្សេងៗជាច្រើន ដូចជា សេវាកម្មធានារ៉ាប់រងអាយុជីវិត សេវាធានារ៉ាប់រងអគ្គិភ័យ ធានារ៉ាប់រងយានយន្តជាដើម។
ធនាគារហត្ថាបានរីកចម្រើនយ៉ាងឆាប់រហ័ស បន្ទាប់ពីបានប្រែក្លាយពីគ្រឹះស្ថានហិរញ្ញវត្ថុដ៏ល្បីមួយ ដោយកាលពីពេលថ្មីៗនេះ ធនាគារបានកសាងអគារការិយាល័យកណ្តាលរបស់ខ្លួនលើផ្លូវ៦០ម៉ែត្រ កំពស់២២ជាន់ និងមានទំហំផ្ទៃក្រឡាសំណង់រហូតដល់ជាង៤០,០០០ម៉ែត្រការ៉េ ដែលធ្វើឲ្យធនាគារនេះ ស្ថិតក្នុងចំណោមធនាគាររីកចម្រើនយ៉ាងលឿន និងជាធនាគារធំមួយ ក្នុងចំណោមធនាគារធំៗនៅកម្ពុជា៕