រដ្ឋមន្ត្រីទេសចរណ៍ៈ ចុងសប្តាហទី១នៃខែតុលាភ្ញៀវទេសចរណ៍ក្នុងស្រុកជាង១១ម៉ឺននាក់បានចេញដើរកំសាន្ត

         ដោយៈគង់ សិរីជេស៊ីកា

         ភ្នំពេញៈ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុង(ភ្ញៀវក្នុងស្រុក) នាចុងសប្តាហ៍ទី១នៃខែតុលា (ថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២១) មានចំនួន១១៦,៨១៩ នាក់ ក្នុងនោះភ្ញៀវជាតិ១១៣,៨៥៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,៩៦៣ នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវជាតិ អន្តរជាតិចេញដើរកំសាន្តរួមមានដូចជា * រាជធានីភ្នំពេញចំនួន២៥,៩៣៤ នាក់ ខេត្តកំពតចំនួន២៤,៧៣២នាក់ ខេត្តព្រះសីហនុចំនួន១៥,១៧២ នាក់ ខេត្តកែបចំនួន៩,២៦៦ នាក់ ខេត្តបាត់ដំបងចំនួន៦,៧៥២ នាក់ ខេត្តកណ្តាលចំនួន៤,៦១៦នាក់ ខេត្តពោធិ៍សាត់៤,៥៧៩នាក់ និងខេត្តមណ្ឌលគិរី​ចំនួន៤,២៤៩ នាក់។

តួលេខនេះបន្តកើនឡើងប្រមាណ១៤.៤៦,ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍នានា នៅតាមបណ្តារាជធានីខេត្ត បានបើកទទួលភ្ញៀវទេសចរ លើកលែងតែខេត្តកំពង់ឆ្នាំង ដែលនៅបន្តដាក់ចេញវិធានការរដ្ឋបាល ហាមឃាត់សកម្ម​ភាពមួយចំនួនរួមទាំងរមណីយដ្ឋានផងដែរ។

បន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន និងសេវាស្នាក់នៅនានា បានទទួលការកក់ជាបណ្តើរៗ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ខណៈដែលគោលដៅទេសចរណ៍ខេត្តសៀមរាប បានបញ្ចប់ការបិទខ្ទប់ និងបើកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាឡើងវិញ ចាប់ពីពាក់កណ្តាលសប្តាហ៍មុន។

លោកថោង ខុនបានបន្តថា ប្រជាពលរដ្ឋមួយចំនួន និងកម្មករ កម្មការីនៅរាជធានីភ្នំពេញ បានចាប់ផ្តើមធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនាចុងសប្តាហ៍នេះ ហើយអាចបន្តស្នាក់នៅរហូតដល់ចុងសប្តាហ៍ក្រោយ ពេលបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ដោយសារថ្ងៃឈប់សម្រាក អាចនឹងមានរយៈពេលវែង រហូតដល់ថ្ងៃអាទិត្យសប្តាហ៍ក្រោយ។

រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ បានបង្កើនសហការផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តស្តង់ដាអប្បបរមា (SOP) ទៅដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌបានខិតជិតមកដល់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here