ដោយៈលក្ខិណា
ភ្នំពេញៈ នៅត្រីមាសទី៣នៃឆ្នាំ២០២១នេះ កំណើននៃការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ចាប់ផ្ដើមមានកំណើនឡើងវិញ តែបើនិយាយជារួមក្នុងរយៈពេល៣ត្រីមាសឆ្នាំនេះ នៅតែមានការធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនេះ ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុ ជានៅថ្ងៃទី៤តុលា ២០២១នេះ។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា នៅត្រីមាសទី៣ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង១៣០ពាន់តោន គិតជាទឹកប្រាក់ត្រលប់មកវិញ មានចំនួន៨១លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណ៤២,៩៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួនត្រឹមតែ៩១,១១៥តោនតែប៉ុណ្ណោះ ។
របាយការណ៍ក៏បានបង្ហាញផងដែរថា សម្រាប់រយៈពេល៩ខែ នៃឆ្នាំ២០២១នេះវិញ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៤១០ពាន់តោន គិតជាទឹកប្រាក់នាំចេញ មានចំនួន២៨៣,៦៩លានដុល្លារអាមេរិក ។ សម្រាប់ទីផ្សារដែលបាននាំចូលអង្ករពីកម្ពុជាធំជាងគេនោះ គឺទីផ្សារប្រទេសចិន និងតំបន់ស្វយ័តរដ្ឋបាល ហុងកុង ម៉ាកាវ មានចំនួនរហូតដល់៤៩,៥០ភាគរយ និងប្រទេសនៅបណ្ដាសហគមន៍អឺរ៉ុប រួមមានប្រទេសអង់គ្លេស ចំនួន២៦,៩១ភាគរយ ប្រទេសក្នុងបណ្ដាសហគមន៍អាស៊ាន មានចំនួន១០,០៩ភាគរយ និងបណ្ដាគោលដៅផ្សេងទៀតមានចំនួន២២ ដែលមានចំនួន១៣,៥០ភាគរយ ។
សម្រាប់ប្រភេទអង្ករដែលនាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន៦៩,៧១ភាគរយអង្ករសបានទន់២៧,១៨ភាគរយ អង្ករចំហុយ១,៧១ភាគរយ និងអង្ករសរីរាង្គមាន១,៤១ភាគរយ។ សម្រាប់ខែកញ្ញា២០២១នេះដែរ ការនាំចេញបានមានចំនួន៧៦.២៥១តោន គិតជាទឹកប្រាក់នាំចេញមានចំនួន៣៥,៣៤លានដុល្លារអាមេរិក ។ បរិមាណនៃការនាំចេញអង្ករក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ជាបរិមាណនាំចេញខ្ពស់ជាងគេ ក្នុងខែរយៈពេល៥ឆ្នាំកន្លងមក ។ ក្នុងចំណោមបរិមាណនាំចេញទាំងអស់ ការនាំចេញចំនួន៥៦ភាគរយគឺបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានបង្ហាញផងដែរពីកំណើននៃការនាំចេញ ផលិតផលកសិកម្មក្នុងរយៈពេល៩ខែ គិតជាទឹកប្រាក់ប្រមាណ៣,៥ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យវិស័យកសិកម្ម បានរួមចំណែកសំខាន់ក្នុងកំណើនសេដ្ឋកិច្ចក្នុងវិបត្តិកូវីដ១៩៕







