ស្ថាប័នរដ្ឋនិងឯកជន ចង់ឃើញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឲ្យល្អប្រសើរជាងមុននិងប្រកបដោយសុវត្ថិភាព

ដោយ: ពៅនិមល/ភ្នំពេញ៖ ដោយមើលពីភាពខ្វះខាត និងបញ្ហាប្រឈមនានាក្នុងការធ្វើដំណើររបស់កម្មករនិយោជិតអង្គការមូលនិធិបង្ការអាស៊ី (AIP) ស្ថាប័នរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀត បានបន្តបើកកិច្ចប្រជុំនិងពិគ្រោះយោបល់ ទៅលើលទ្ធផលនៃសិក្សាស្រាវជ្រាវពាក់ព័ន្ធការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឲ្យមានសុវត្ថិភាព។

លោក គឹម បញ្ញា នាយកប្រចាំប្រទេស នៃអង្គការមូលនិធិបង្ការអាស៊ី បានលើកឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលនៃសិក្សាស្រាវជ្រាវ ស្តីពីលទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង តាមប្រព័ន្ធវីដេអូ ហ្សូម កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១កន្លងទៅថា ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ មានកម្មករនិយោជិតជាច្រើនម៉ឺននាក់តែងតែធ្វើដំណើរតាមរថយន្ត ដែលរថយន្តទាំងនោះ តាមគោលដៅដែលគេផលិតឡើងក៏ដូចជាការកំណត់ដោយច្បាប់ គឺត្រូវយកទៅប្រើប្រាស់សម្រាប់តែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ។ លោកបន្តថា ការផ្តល់មធ្យោបាយធ្វើដំណើរសមរម្យនិងមានសុវត្ថិភាពដល់កម្មករនិយោជិត មិនត្រឹមតែជួយបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលជាវិជ្ជមានយូរអង្វែងចំពោះកិច្ចខិតខំដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសផងដែរ។ លោកឲ្យដឹងទៀតថា ដោយមានការចូលរួម និងការខិតខំយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធ ជាពិសេសពីស្ថាប័នរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាការដឹកជញ្ជូនកម្មករនិយោជិត តាមរថយន្តដឹកកម្មកររួមនេះ យើងកត់សម្គាល់ឃើញថា ចំនួនរថយន្តដឹកកម្មករដែលប្រើរថយន្តដឹកទំនិញមានការថយចុះ ប៉ុន្តែទោះជាយ៉ាងណាក្តីចំនួនរថយន្តប្រភេទនេះ នៅតែមានច្រើននៅឡើយ។

លោក បញ្ញា បានលើកឡើងថា ការផ្តល់នូវមធ្យោបាយធ្វើដំណើរសមរម្យ និងមានសុវត្ថិភាពដល់កម្មករនិយោជិត គឺជាការជំរុញឱ្យមានការគោរព និងពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានកំណត់ថា ការដឹកជញ្ជូនមនុស្សត្រូវតែមានកៅអីអង្គុយ ឬមានបង្កាន់ដៃ ឬប្រដាប់តោងឈររឹងមាំ ដែលត្រូវមានផាសុកភាព និងហាមផ្ទុកមនុស្សលើសពីចំនួនកន្លែងអង្គុយ។ លោកជឿជាក់ថា ប្រាកដ ជាពុំមាននិយោជករូបណាដែលអាចមានក្តីសប្បាយរីករាយ និងមោទនភាព ចំពោះការរីកចម្រើន ឬការបន្តដំណើរការនៃអាជីវកម្មរបស់ខ្លួនបានក្នុងរយៈពេលយូរឆ្នាំកន្លងមក និងបន្តទៅពេលអនាគត ប៉ុន្តែកម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្ររបស់ខ្លួន បែរជាត្រូវបន្តធ្វើដំណើរនៅលើរថយន្តដែលគេផលិតឡើងមិនមែនសម្រាប់ដឹកជញ្ជូនមនុស្ស ហើយឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ទៅវិញនោះ។ លោកបន្ថែមទៀតថា ដោយឈរលើមូលហេតុនេះ វាពិតជាចាំបាច់ណាស់ដែលត្រូវធ្វើការរួមគ្នាឱ្យបានកាន់តែខ្លាំងថែមទៀត សំដៅឈានទៅដោះស្រាយឱ្យបាន ជោគជ័យក្នុងពេលឆាប់រហ័ស ចំពោះបញ្ហាការធ្វើដំណើររបស់កម្មករនិយោជិត តាមរថយន្តដែលគេប្រើសម្រាប់ដឹកទំនិញ និងមិនមានសុវត្ថិភាពបែបនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងអង្គប្រជុំនេះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញការការគាំទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលមិនមានសុវត្ថិភាពមកជារថយន្តដែលមានសុវត្ថិភាពវិញ។ លោកស្រីបានលើកឡើងបន្តថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ គឺដើម្បីជាផលប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស ក្នុងខណៈដែលរដ្ឋាភិបាលតាមរយៈបេឡាជាតិរបបសន្តិសុខសង្គមបាននិងកំពុងតែទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរក្នុងការដោះស្រាយជីវភាពជូនកម្មករនិយោជិតដែលរងគ្រោះថ្នាក់ចរាចរណ៍។

លោកស្រី មានប្រសាសន៍ថា បច្ចុប្បន្នបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដោយគិតត្រឹមខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១ ២៦១លើក ហើយបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៧០៩នាក់ និងរបួសធ្ងន់-ស្រាល ១ ៧៩២នាក់។ លោកស្រីឲ្យដឹងទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានករណីគ្រោះថ្នាក់លើកម្មករនិយោជិតចំនួន ៦លើក ប៉ុន្តែមិនមានកម្មករណាម្នាក់បាត់ស្លាប់បាត់បង់ជីវិតទេ គឺមានកម្មកររងរបួសចំនួន ២៧៦នាក់ ប៉ុន្តែក្នុងឆមាសទី២ បែរជាមានកម្មករស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន៣នាក់ហើយ។

យោងតាមរបាយការណ៍ ដែលផ្សព្វផ្សាយដោយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) កាលពីពេលកន្លងទៅនេះ បានឱ្យដឹងថា នៅក្នុងចំណោមរថយន្តដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារក្នុងឆ្នាំ២០១៩ មានប្រមាណ ៦០ភាគរយ គឺជារថយន្តប្រភេទដឹកទំនិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here