កម្ពុជាទទួលបានធនធានមនុស្សជំនាញផ្នែកចុងភៅចំនួន១៤៣នាក់ ទទួលស្គាល់ដោយអាស៊ាន

        ដោយៈលក្ខិណា

ភ្នំពេញៈ បើទោះបីជាកម្ពុជា កំពុងស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ហើយវិស័យទេសចរណ៍នៅតែរងផលប៉ះពាល់ក្ដី តែកម្ពុជានៅតែបន្តត្រៀមនឹងបណ្ដុះបណ្ដាលធនធា​នមនុស្សក្នុងវិស័យនេះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិពេលចប់វិបត្តិ ជាក់ស្ដែងអ្នកជំនាញផ្នែកចុងភៅកម្ពុជាចំនួន១៤៣នាក់ ត្រូវបានចុះបញ្ជីអ្នកជំនាញទេស​ចរណ៍អាស៊ាន។

លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឱ្យដឹងថា ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី តែកម្ពុជានៅតែបន្តបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ជាបន្តបន្ទាប់ និងរហូតឈានដល់កម្រិតអាស៊ាន ជាក់ស្ដែងដូចអ្នកជំនាញទេសចរណ៍របស់កម្ពុជាទាំង១៤៣នាក់នេះជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ក្រសួងទេសចរណ៍បានចូលរួមចំណែក យ៉ាងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ តាមរយៈការដាក់ចុះអនុវត្តវិធានសុវត្ថិភាព តាមអាជីវកម្មទេសចរណ៍វិធាននានា សម្រួលដល់អាជីវកម្មទេស​ចរណ៍ ការបណ្ដុះណ្ដាលដល់អ្នកជំនាញទេសចរណ៍ ការរៀបចំនិងអនុវត្តន៍ផែនទីចង្អុលផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា”។

លោកទ្រី ឈីវ ប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ឱ្យ​ដឹងថា អ្នកជំនាញទេសចរណ៍ទាំង១៤៣នាក់ ដែលបានចុះបញ្ជីជាអ្នកជំនាញទេសច​រណ៍អាស៊ាន រួមមាន គ្រូបង្គោលជាតិចំនួន២៦នាក់ អ្នកវាយតម្លៃបង្គោលជាតិចំនួន៣៨នាក់ និងសិក្ខាកាមដែលបានឆ្លងកាត់ការវាយតម្លៃ ការសិក្សាពីមុនមានចំនួន៧១នាក់ ។

លោកបន្តថា “អ្នកទាំងអស់គ្នានេះ បានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ ព្រមទាំងចុះឈ្មោះ ក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន ដែលអាចធ្វើការបម្លាស់ទីការងារ ក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ានបានផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here