រយៈពេល៩ខែកម្ពុជាទទួលបានទឹកប្រាក់ពីការនាំចេញកសិផលទៅក្រៅប្រទេស ជិត៣,៥ពាន់លានដុល្លារអាមេរិក

       ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងវិបត្តិកូវីដ១៩ វិស័យកសិកម្មបានដើរតួនាទីសំខាន់ ក្នុងការទ្រទ្រង់ដល់កំនើនសេដ្ឋកិច្ចកម្ពុជា ជាក់ស្ដែងក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានទឹកប្រាក់ពីការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៣,៥ពាន់លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ក្នុងរបាយការណ៍បង្ហាញថា តម្លៃនការនាំចេញកសិផល ក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២១នេះ មាន៣,៤៨ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញអង្ករមានទឹកប្រាក់៣៤៩,៩១លានដុល្លារអាមេរិក ការនាំចេញស្រូវមាន៤២៨,៩៥លានដុល្លារអាមេរិក និងការនាំចេញកសិផល ក្រៅពីស្រូវនិងអង្ករមានទឹកប្រាក់សរុប ចំនួន២,៧១ពាន់លានដុល្លារអាមេរិក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញកសិកផល សរុបក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១នេះ មានកំណើនប្រមាណ៨៨,៤៨ភាគរយ ក្នុងនោះកសិផលក្រៅពីអង្ករ មានការកើនឡើងដល់ទៅ១០៧,៦៩ភាគរយ។ ចំណែកការនាំចេញអង្ករវិញ មានធ្លាក់ចុះរហូតដល់១៥,៩៧ភាគរយ ដោយសារតែកម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះប្រភេទទូរកុងតឺន័រ ដែលមានទំហំ២០ហ្វីតសម្រាប់ផ្ទុកអង្ករ និងតម្លៃដឹកជញ្ជូនកើនឡើង ។

លោកលី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងកន្ល​ងមកថា កំណើននៃការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិកើនឡើងនេះ បានធ្វើសេដ្ឋកិច្ចកម្ពុជាងើបឡើងជាវិជ្ជមានឡើងវិញ ។

បើតាមការព្យាករកាលពីដើមឆ្នាំ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងកើនឡើង៤ភាគរយ ប៉ុន្តែដោយសារតែស្ថានភាពជំងឺកូវីដ១៩ អូសបន្លាយឈានដល់បិទខ្ទប់តំបន់មួយចំនួននិងមេរោគដែលតាផងដែរនោះ បានធ្វើឱ្យធនាគារពិភពលោកព្យាករឡើងវិញ នូវសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះការព្យាករកាលពីពេលថ្មីៗ សេដ្ឋកិច្ចកម្ពុជានឹងរំពឹងថានឹងកើន២,២ភាគរយវិញ ។

លោកបន្តថា “វិស័យកសិកម្មបានរួមចំណែកធំ នៅក្នុងវិបត្តិកូវីដ១៩ ខណៈវិស័យសំខាន់ៗ ដែលទ្រទ្រង់ដល់កំនើនបានថមថយ ដូចជា វិស័យទេសចរណ៍ សេវាកម្ម និងអចលនទ្រព្យជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here