សេចក្តីព្រាងច្បាប់​សំខាន់ចំនួនពីរកំពុង​ត្រូវបាន​ដាក់ស្នើ​ទៅក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី

ដោយ: សុផា​រី/ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំប្រតិភូ​ក្រសួងពាណិជ្ជកម្ម​ចូលរួមកិច្ចប្រជុំពិភាក្សាអន្តរក្រសួងកម្រិតចង្អៀតលើសេចក្តីព្រាងវិសោធនកម្មច្បាប់ចំនួន ២ គឺ ១. ស្តីពីសហគ្រាសពាណិជ្ជកម្ម ២. សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្មជាលើកទី២ ដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នា​រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ កន្លងមក​​ ក្រសួងពាណិជ្ជកម្មបានលើកឡើងថា នៅក្នុងអង្គប្រជុំនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពី​សារៈសំខាន់និងភាព​ចាំបាច់ក្នុងការធ្វើវិសោធនកម្មច្បាប់ទាំងពីរ​ ក្នុងគោលបំណងដើម្បីឱ្យស្រប​នឹងការអនុវត្តជាក់ស្តែង កំណែទម្រង់ក្នុងការសម្រួលការធ្វើធុរកិច្ចដែលបានធ្វើកំណែទម្រង់ច្រើនលើកមកហើយដើម្បីស្របតាមបរិបទថ្មី ដែលរាជរដ្ឋាភិ​បាល​បានអនុម័ត​ និង​ច្បាប់ថ្មី​ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលកំពុងអនុវត្ត ហើយ​បាននិងកំពុងធ្វើការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ដើម្បីបង្កើត​ការ​ប្រកួតប្រជែងការធ្វើធុរកិច្ច។

ជាមួយគ្នានេះដែរ​ លោករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានដឹកនាំអង្គប្រជុំ បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់ក្រុមការងារក្រសួងពាណិជ្ជកម្ម​​និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំ​សម្របសម្រួលការងារដ៏មានសារៈសំខាន់នេះ និងបានណែនាំឱ្យក្រសួងពាណិជ្ជកម្មដាក់ស្នើសេចក្តីព្រាងច្បាប់ទាំងពីរនេះ​ទៅក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ​និងកែសម្រួលបន្តជាការប្រញាប់ មុននឹងបន្តនីតិវិធីគោរពស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here