ដោយ: ពៅនិមល/ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ខាងមុខ កម្ពុជានឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ដោយឈលើមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាពគ្នា និងភាពសុខដុមរមនានៅក្នុងអាស៊ាន។
លោករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន(U.S. ASEAN Business Council – US-ABC) ដឹកនាំដោយលោកអគ្គរដ្ឋទូត Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ច US-ABC កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ តាមប្រព័ន្ធវីដេអូ។
ក្រៅពីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ខាងលើ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវបន្តថា កម្ពុជាក៏នឹងផ្តោតសំខាន់លើកិច្ចខិតខំស្តារសេដ្ឋកិច្ចសង្គមក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងប្ដេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្កើតនូវផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលទើបបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ លោកបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជានិងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍នូវការដាក់ដំណើរការរោងចក្រដំទ្បើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ដែលអាចផ្តល់ឱកាសការងារជូនប្រជាជនកម្ពុជានិងជាការផ្ទេរបច្ចេកវិទ្យាជាដើម។ ម្យ៉ាងទៀត ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្វាគមន៍ក្រុមហ៊ុនដឹកជញ្ជូន Fedex ដែលមានគោលបំណងពង្រីកសេវាកម្មដឹកជញ្ជូនត្រង់តាមផ្លូវអាកាសមកកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកអគ្គរដ្ឋទូត Ted Osius បានសម្តែងការអរគុណចំពោះលោករដ្ឋមន្រ្តីនិងសហការីក្រសួងពាណិជ្ជកម្មដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងសម្របសម្រួលដល់អ្នកវិនិយោគនិងក្រុមហ៊ុនសហរដ្ឋអាមេរិកនាពេលកន្លងមក។ លោកទូតនិងក្រុមហ៊ុនអាមេរិកបានប្តេជ្ញាជំរុញការវិនិយោគនិងកិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀត ជាពិសេស បានបង្ហាញពីការគាំទ្រនៅពេលដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ លោកនិងក្រុមហ៊ុនអាមេរិកក៏បានថ្លែងកោតសរសើរដល់រាជរដ្ឋាភិបាលក្នុងចំណាត់ការទប់ស្កាត់ការរីករាលដាលនិងកិច្ចខិតខំប្រឹងប្រែងក្នុងការបើកចំហប្រទេសទ្បើងវិញ ដោយអនុញ្ញាតឱ្យមានដំណើរការសកម្មភាពសេដ្ឋកិច្ច អាជីវកម្ម សំដៅស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
ពាក់ព័ន្ធនឹងជំនួបនាពេលនេះ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ជាការផ្តោតសំខាន់លើការងារអាទិភាព និងគំនិតផ្តួចផ្តើមនានា ដាក់ចេញដោយអាស៊ាន ជាពិសេសនៅពេលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២២។ បន្ថែមពីនេះ កិច្ចពិភាក្សាផ្តោតលើការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-សេដ្ឋកិច្ចទ្វេភាគីនិងតំបន់ និងការចូលរួមរបស់វិស័យឯកជនក្នុងការស្តារទ្បើងវិញនូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់និងផលិតកម្មសកល ពាណិជ្ជកម្មឌីជីថល ប្រព័ន្ធសុខាភិបាល ការស្តារទំនុកចិត្តឡើងវិញក្នុងការធ្វើដំណើរ និងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលជាដើម៕







