ធនាគារធំមួយ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សហការគ្នាដើម្បីផ្ដល់អានុភាពបន្ថែមដល់ អ្នកចូលចិត្តបច្ចេកវិទ្យាកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជនាំមុខផ្នែកហិរញ្ញវត្ថុឌីជីថល និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាគ្រឹះស្ថានស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បណ្តុះយុវជនកម្ពុជាឲ្យមានសហគ្រិនភាព និងសមត្ថភាពនវានុវត្តន៍នៅក្នុងបច្ចេកវិទ្យាកំពុងអភិវឌ្ឍ និងដំណោះស្រាយឌីជីថលថ្មីៗ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដើម្បីកិច្ចសហប្រតិបត្តិការលើបញ្ហាផលប្រយោជន៍ទៅវិញទៅមកក្នុងការអភិវឌ្ឍប្រព័ន្ធអេកូនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី និងនវានុវត្តន៍។ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលនេះនឹងគ្របដណ្តប់លើកម្មវិធីផ្សេងៗជាច្រើនរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលចុងសប្តាហ៍កន្លងមកនេះ។

នៅក្នុងអនុស្សរណៈនេះ ធនាគារ ABA នឹងផ្តល់កម្មវិធីទូទាត់ PayWay ដល់គំនិតផ្តួចផ្តើមគម្រោង និងធុរកិច្ចថ្មីៗរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ព្រមទាំងអនុញ្ញាតឲ្យប្រើប្រាស់បរិស្ថាន Sandbox របស់ PayWay សម្រាប់គោលបំណងសាកល្បង និងនវានុវត្តន៍នានា។

ជាការចូលរួមរបស់ខ្លួន មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងដាក់ឲ្យប្រើប្រាស់ និងផ្តល់អាទិភាពដល់កម្មវិធី PayWay របស់ធនាគារ ABA ធ្វើជាប្រព័ន្ធទូទាត់អនឡាញដែលត្រូវជ្រើសរើសសម្រាប់គម្រោង និងគំនិតផ្តួចផ្តើមនានារបស់ខ្លួន ព្រមទាំងសហការយ៉ាងសកម្មជាមួយធនាគារ ABA ដើម្បីជំរុញឲ្យមានកំណើនការទូទាត់អនឡាញ ប្រព័ន្ធអេកូធុរកិច្ចថ្មី និងទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

លោក Zokhir Rasulov នាយកឌីជីថលនៃធនាគារ ABA មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយដែលបានសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងការផ្តល់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់អនឡាញដ៏ទំនើបរបស់យើងដល់សហគ្រិនបច្ចេកវិទ្យា និងអនុញ្ញាតឲ្យពួកគេប្រើប្រាស់កម្មវិធីនេះជាមួយនឹងគំនិតរបស់ពួកគេ។ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ការគាំទ្ររួមដល់សមាជិកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”  ដើម្បីស្វែងយល់ និងប្រើប្រាស់គំនិតរបស់ពួកគេ ក្នុងការបង្កើតអាជីវកម្មដ៏ជោគជ័យនៅក្នុងយុគសម័យឌីជីថល។”

លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មានប្រសាសន៍ថា “អនុស្សរណៈយោគយល់នេះជំរុញនូវការរៀនសូត្រតាមរយៈការអនុវត្តលើគ្រប់ផ្នែកនៃធុរកិច្ចថ្មីឌីជីថល ហើយនវានុវត្តជននឹងទទួលបានការទូទាត់ឌីជីថលដោយផ្ទាល់អំពីអត្ថប្រយោជន៍នៃការអភិវឌ្ឍផលិតផល/សេវាកម្មរបស់ពួកគេ។”

លោកបណ្ឌិត តាំង ងួនលី បន្ថែមទៀតថា “ជាមួយសំណុំសម្បូរបែបនៃ APIs និង SDKs របស់កម្មវិធី PayWay យើងមានសោមនស្សដែលឃើញថា កិច្ចសហប្រតិបត្តិការនេះអាចជួយជំរុញនវានុវត្តន៍បន្ថែមរបស់សមាជិកធុរកិច្ចថ្មីរបស់យើង។ លើសពីនេះ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍគ្រឹះសម្រាប់ការទូទាត់ឌីជីថលសម្រាប់វឌ្ឍនភាពធុរកិច្ចថ្មីផ្នែកឌីជីថលរបស់កម្ពុជា”។

LEAVE A REPLY

Please enter your comment!
Please enter your name here