ធនាគារកណ្តាលរបស់មហាយក្សចិន ប្រកាសថារាល់ប្រតិបត្តិការរូបិយប័ណ្ណ អេឡិចត្រូនិកសុទ្ធតែខុសច្បាប់

ដោយៈសុខុម

ប៉េកាំង: ធនាគារកណ្តាលរបស់ប្រទេសចិន បានប្រកាសជាឱឡារិកកាលពីថ្ងៃសុក្រ ទី២៤ កញ្ញា ថា រាល់ប្រតិបត្តិការហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណអេឡិចត្រូនិក សុទ្ធតែខុសច្បាប់ ហើយបានប្ដេជ្ញា ចាត់វិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ជាហេតុធ្វើឱ្យរូបិយប័ណ្ណអេឡិចត្រូនិក Bitcoin ធ្លាក់ថ្លៃ៤,៦% មកនៅត្រឹម៤២.៨៧៤ក្នុងមួយកាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

តម្លៃជាសកល នៃរូបិយប័ណ្ណអេឡិចត្រូនិករួមមានទាំង Bitcoin ផងបានប្រែប្រួលឡើងចុះយ៉ាងខ្លាំង ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ដោយមួយផ្នែកដោយសារមហាយក្សចិន បានចេញបទប្បញ្ញត្តិនានា ដើម្បីទប់ស្កាត់ការឡើងចុះតម្លៃ និងការលាងលុយកខ្វក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ សប្ដាហ៍នេះថា “សកម្មភាពអាជីវកម្ម ដែលទាក់ទងនឹងរូបិយប័ណ្ណអេឡិចត្រូនិកទាំងអស់ គឺសុទ្ធតែជាសកម្មភាពហិរញ្ញវត្ថុខុសច្បាប់” ហើយព្រមានថា ជនដែលប្រព្រឹត្តល្មើសបម្រាមនេះ នឹងត្រូវរងការស៊ើបអង្កេតបទ ព្រហ្មទណ្ឌដោយអនុលោមទៅតាមច្បាប់។

សេចក្តីប្រកាសនេះ ហាមឃាត់រាល់សកម្មភាពហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណអេឡិចត្រូនិកដូចជាការជួញដូរ ការលក់ និងការរៃអង្គាសមូលនិធិខុសច្បាប់ជាដើម។

ធនាគារកណ្តាលរបស់ប្រទេសចិន បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ “ការជួញដូរ និងការប្រែប្រួលឡើងចុះតម្លៃបស់ Bitcoin និងរូបិយប័ណ្ណអេឡិចត្រូនិកផ្សេងទៀត គឺមានភាពផុសផុលយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធ្វើឱ្យកើនឡើងនូវការលាងលុយកខ្វក់ ការរៃអង្គាសមូលនិធិខុសច្បាប់ ការឆបោក គំរូអាជីវកម្មបោកប្រាស់ដែលគេស្គាល់ថា Pyramid Scheme និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត”។

កាលពីខែមិថុនា ក្រុមមន្រ្តីចិនបាននិយាយថា មនុស្សជាង១.០០០នាក់ត្រូវបានចាប់ខ្លួន ពីបទប្រើប្រាស់ប្រាក់ចំណេញ ដែលទទួលបានពីអំពើឧក្រិដ្ឋកម្ម ដើម្បីទិញរូបិយប័ណ្ណអេឡិចត្រូនិក ដែលជាការបង្វែងដាន ឬលាងលុយកខ្វក់។

ខេត្តមួយចំនួនរបស់ប្រទេសចិន បានហាមឃាត់រួចទៅហើយ នូវប្រតិបត្តិការរូបិយប័ណ្ណអេឡិចត្រូនិកចាប់តាំងពីដើមឆ្នាំនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here