ដោយៈលក្ខិណា
ភ្នំពេញៈ សហគ្រាសធុនតូច-មធ្យមតាមបរិបទកម្ពុជា ក៏មិនខុសគ្នាខ្លាំងពីសហគ្រាសធុនតូច-មធ្យមជុំវិញពិភពលោកដែរ គឺមានលក្ខណៈផុយស្រួយ ងាយរងគ្រោះពីវិបត្តិផ្សេងៗ ដូចជា កូវីដ-១៩ ជាដើម។
ក្នុងនោះផងដែរ ប្រសិនបើធ្វើការប្រៀបធៀបជាមួយ នឹងសហគ្រាសធុនធំកម្រិតនៃផលរងគ្រោះ គឺវាមានទំហំធំជាង។ ទស្សនាវដ្តី ហ្វប (Forbes) ក៏បានបង្ហោះពីគន្លឺះ ៥ សម្រាប់ធ្វើផែនការអាជីវកម្ម ក្នុងអំឡុងពេលកូវីដ-១៩នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារតែកូវីដ១៩ទៅលើអាជីវកម្ម។ ផែនការទាំង៥ ដែលនឹងលើកយកបង្ហាញនៅពេលនេះរួមមាន៖
១.ផែនការយុទ្ធសាស្រ្ត
ផែនការយុទ្ធសាស្រ្ត សម្រាប់ការប្រកួតប្រជែង មានសារៈសំខាន់នៅក្នុងដំណាក់កាលនេះ ព្រោះមនុស្សភាគច្រើន បានបាត់បង់ចំណូលមួយផ្នែកធំរបស់ពួកគេ ដែលនាំ ឱ្យមានការកាត់បន្ថយ ការចំណាយរបស់គេតាមតែអាចធ្វើបាន។ ដូច្នេះម្ចាស់អាជីវកម្មត្រូវតែមានយុទ្ធសាស្រ្តប្រកួតប្រជែងណា ដែលលេចធ្លោជាងដៃគូប្រកួត ដូចជា ស្វែងរកអ្នកផ្គត់ផ្គង់ក្នុងតម្លៃថោកជាងមុន ពង្រឹងគុណភាពទំនិញ ឬសេវាកម្ម និងព្យាយាមផ្តោតទៅលើទីផ្សារដែលកំពុងរួមតូច។
២. ផែនការទីផ្សារ
ការចំណាយទៅលើទីផ្សារ គឺជារឿងសំខាន់ ទោះបីជាក្នុងកាលៈទេសៈលំបាកនេះក៏ដោយ វាជាវិធីដែលអនុញ្ញាតឱ្យអ្នក អាចបង្ហាញអតិថិជនគោលដៅ បានស្គាល់ពីទំនិញ និង សេវាកម្ម របស់អ្នក តែការចំណាយលើការផ្សព្វផ្សាយ លើទីផ្សារត្រូវតែមានភាពបត់បែនតាមបរិបទសង្គម ព្រោះវាជាឱកាស ដែលអ្នកអាចទាក់ទាញអតិថិជនថ្មីៗបានច្រើនជាងមុន។
៣. ការបង្កើតភាពជាដៃគូអាជីវកម្ម
វាដូចពាក្យចាស់ថា ចង្កឹះមួយបាច់កាច់មិនបាក់ ករណីនេះក្រុមហ៊ុនអាចសហការគ្នាដើម្បីអោយមានភាពរឹងមាំ និង បន្តធ្វើអាជីវកម្មបាន ក្នុងដំណាក់កាលនៃវិបត្តិមួយនេះ។ ជាក់ស្តែងយើងឃើញស្រាប់ នូវប្រតិបត្តិការនៃការសហការគ្នា រវាងក្រុមហ៊ុនដឹកជញ្ជូន និង ផ្នែកអាហារនិងភេសជ្ជៈ។
៤. ផែនការហិរញ្ញវត្ថុ
ការធ្វើផែនការហិរញ្ញវត្ថុ ក៏ជារឿងសំខាន់សម្រាប់អាជីវកម្ម ក្នុងដំណាក់កាលកូវីដ-១៩នេះផងដែរ ដោយផ្តោតទៅលើការធ្វើផែនការ ចំណាយតាមបែបរឹតបន្តឹង និងកាត់បន្ថយការចំណាយតាមតែអាចធ្វើបាន ឬ ស្វែងរកអ្វីមួយមកជំនួស ក្នុងករណីមិនអាចកាត់បន្ថយការប្រើប្រាស់បាន។ ក្រៅពីនេះ នៅមានបញ្ហាពន្ធដារ ដែលម្ចាស់អាជីវកម្មត្រូវតែបន្តតាមដានព័ត៌មានឲ្យបានជាប់ជាប្រចាំ។
ចុងក្រោយរៀបចំកញ្ចប់ថវិកាទុក សម្រាប់ស្រោចស្រង់អាជីវកម្ម ក្រោយស្ថានការណ៍ត្រលប់ដូចដើម។
៥. ផែនការបុគ្គលិក
ម្ចាស់អាជីវកម្មអាចធ្វើការកំណត់ និងបែងចែកការងាររបស់បុគ្គលិក ឬអាចកាត់បន្ថយនូវម៉ោងការងារមួយចំនួន ដើម្បីកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម ជៀសវាងនូវការបញ្ឈប់បុគ្គលិក និងដើម្បីរក្សានូវបុគ្គលិកចាស់របស់ខ្លួន។ មួយវិញទៀត ម្ចាស់អាជីវកម្ម ត្រូវមានផែនការការងារគិតជាមុន នៅពេលស្ថានភាពត្រលប់ ទៅដូចធម្មតាវិញ ដើម្បីសម្រួលការងាររបស់បុគ្គលិក ឲ្យត្រលប់មកធម្មតា ហើយអាជីវកម្មមានដំណើរការល្អ៕