ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានអះអាងថា អ្នកបម្រើការនៅតាមវិស័យទេសចរណ៍ នៅទូទាំងប្រទេស ទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ស្ទើរតែទាំងអស់ហើយ ដែលប្រការនេះពិតជាបានជំរុញ ឱ្យការទស្សនាកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុង ទទួលបាននូវសុវត្ថិភាពចំពោះសុខភាពមួយកម្រិតទៀត។
ការអះអាងចេញពីក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ទូទាំង២៥រាជធានី-ខេត្តយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្ដាប់ របាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។
លោកថោង ខុន បានឱ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានបន្ថែមនូវពង្រឹងការអនុវត្ត “ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី” កាន់តែខ្លាំងឡើង ដើម្បីជំរុញឱ្យគ្រប់គោលដៅទេសចរណ៍នៅតាមរាជធានី-ខេត្តកាន់តែមានសុវត្ថិភាពពីការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីជួយជំរុញសកម្មភាពទេសចរណ៍ ផ្ទៃក្នុងអោយកាន់កាន់តែខ្លាំង។
ជាមួយគ្នានោះ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ក៏បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍ អ្នកបម្រើការនៅតាមគោលដៅទេសចរណ៍ទាំងអស់ ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីគាំទ្រដល់ផែនការជំរុញការបើកទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផែនការត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលខាងមុខផងដែរ៕