ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ប្រធានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB)បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ ដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រោយវិបត្តិជំងឺកូវីដ១៩។
លោកស្រីDurrani-Jamal ប្រធានតំណាងADBបានមានប្រសាសន៍បន្ថែមនាព្រឹកថ្ងៃទី២២ កញ្ញានេះថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងត្រូវបន្តពង្រឹងប្រព័ន្ធគាំពារ សង្គមរបស់ខ្លួន និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនិងការអប់រំ។ កំណែទម្រង់បន្ត ក៏ចាំបាច់ ផងដែរ ដើម្បីទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ រួមទាំងហេដ្ឋារចនា សម្ព័ន្ធឌីជីថល។

លោកស្រីបន្តថា “ការធ្វើកំណែទម្រង់ ដើម្បីលើកកម្ពស់ការអនុវត្តមុខងារសាធារណៈក៏ជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសផងដែរ”។
បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តន៍គម្រោងវិនិយោគ ដែលមានតម្លៃ ២,០៨ ពាន់លានដុល្លារនៅកម្ពុជា។ ក្នុងឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង៤៧៧,២ លានដុល្លារដល់ប្រទេសកម្ពុជា និងផ្តល់បន្ថែមចំនួន២៨១,៣ លានដុល្លារទៀត តាមរយៈសហហិរញ្ញប្បទាន។ ទឹកប្រាក់បម្រុងពី ADB សម្រាប់ឆ្នាំ ២០២១-២០២៤ រួមមានប្រាក់កម្ចីសម្បទានចំនួន១,៤៩ ពាន់លានដុល្លារ និង ជំនួយឥតសំណង ៣១,៨ លានដុល្លារ ត្រៀមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ របស់កម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន៦៨ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕







