លោកឧកញ៉ាហួត អៀងតុងៈធនាគារហត្ថាដាក់ចេញនូវយុទ្ឋសាស្រ្តថ្មីដើម្បីសម្រេចបាននូវកំនើនតាមការព្យាករណ៍នៅឆ្នាំនេះ

ដោយៈ សិរី ម៉ាលីនណា

ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ធនាគារហត្ថានឹងដាក់ចេញយុទ្ឋសាស្រ្តថ្មី នៅត្រីមាសទី៤ឆ្នាំនេះ ដើម្បីសម្រេចបានលទ្ឋផលតាមការគ្រោងទុក។

លោកឧកញ៉ាបានបន្តថា សុខភាពរបស់ធនាគារហត្ថា មានសភាពរ៉ឹងមាំ ប៉ុន្តែដោយសារជំងឺកូវីដ១៩ បានធ្វើឲ្យកំនើនរបស់យើងមានភាពយឺតយ៉ាវបន្តិច ប៉ុន្តែស្ថិតក្នុងស្ថានភាពល្អប្រសើរ។ ហេតុនេះ ទើបយើងដាក់ចេញនូវផែនការយុទ្ឋសាស្រ្តថ្មី ដើម្បីសម្រេចបានកំនើន តាមការព្យាករណ៍របស់យើងនាដំណាច់ឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ផែនការយុទ្ឋសាស្រ្តថ្មីរបស់យើង អាចនឹងធ្វើឲ្យយើងសម្រេចបានលទ្ឋផលតាមការគ្រោងទុក ជាមួយនឹងកំនើនកាន់តែល្អប្រសើរសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២២ខាងមុខ”។

លោកឧកញ៉ាបានបន្តថា ការរីកចម្រើនចម្រើនរបស់ធនាគារហត្ថា ក្នុងរយៈពេលជិតបីត្រីមាសឆ្នាំនេះ យើងសម្រេចបានកំណើនទាំងឥណទាន និងការដាក់ប្រាក់បញ្ញើរពីអតិថិជន ដែលមានន័យថា យើងកាន់តែទទួលបានទំនុកចិត្តពីអតិថិជន ហើយឆ្លើយតបនឹងទំនុកចិត្តនេះ យើងបានវិនិយោគជាច្រើនលើបច្ចេកវិទ្យា ដើម្បីឲ្យប្រជាពលរដ្ឋទទួលសេវាកម្មរបស់យើងកាន់តែមានភាពងាយស្រួល ទំនុកចិត្ត និងសុវត្ថិភាព។

ធនាគារហត្ថាបានប្រែក្លាយពីមីក្រូហិរញ្ញវត្ថុ មកជាធនាគារពាណិជ្ជ បន្ទាប់ពីមានការសហការបោះទុនវិនិយោគពីធនាគារក្រុងស្រ៊ី ដែលមានមូលដ្ឋាននៅប្រទេសថៃ ហើ​យកាលពីពេលថ្មីៗនេះ ធនាគារបានបោះទុនវិនិយោគជាច្រើនលានដុល្លារអាមេរិក សាង​សង់អគារការិយាល័យកណ្តាលរបស់ខ្លួន មានទំហំជាង៤០,០០០ម៉ែត្រការ៉េ និងមានកំពស់២២ជាន់ មានទីតាំងស្ថិតនៅលើមហាវិថីសម្តេចតេជោឬផ្លូវ៦០ម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here