ដោយៈលក្ខិណា
ភ្នំពេញៈ ទោះបីជាស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២១នេះ មានភាពធ្ងន់ធ្ងរជាងឆ្នាំ២០២ និងបង្កផលប៉ះពាល់ដល់វិស័យជាច្រើន រួមទាំងធនាគារក្ដី តែឥណទាន និងប្រាក់បញ្ញើររបស់ធនាគារនៅតែបន្តកើនឡើង ក្នុងឆមាសទី១ឆ្នាំ ២០២១នេះ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាឱ្យដឹងថា គិតត្រឹមចុងឆមាសទី១ឆ្នាំ២០២១ ប្រព័ន្ធធនាគារមានទ្រព្យសកកម្ម សរុប២២១,៨ទ្រីលានរៀលកើនឡើង១៧,៦ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២០ ស្របពេលប្រាក់បញ្ញើក៏បានកើនឡើង១៩,៧ភាគរយ កើនឡើងដល់១៣០,៨ទ្រីលានរៀល ។ចំណែកឥណទានវិញក៏ឃើញថាមានកំណើន២២,៥ភាគរយកើនដល់១៣៧,៦ទ្រីលានរៀល ។
ក្នុងរបាយការណ៍នោះ ក៏បានបង្ហាញពីកំណើនឥណទាន មិនដំណើរការខ្ពស់ផងដែរក្នុងនោះ ឥណទានមិនដំណើរការមានរហូតដល់២,៥ភាគរយ ធៀបនឹងឥណទានសរុប ។
លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងបរិបទ នៃជំងឺកូវីដ១៩នេះ វិស័យទាំងអស់គឺសុទ្ធតែរងផលប៉ះពាល់ ក្នុងនោះក៏មានវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុផងដែរ។ លោកបន្តថា ពីមុនៗមក ក្នុងវិស័យធនាគារ មិនធ្លាប់មានឥណទាន មិនដំណើរការកើនឡើងខ្ពស់ ដូចនៅក្នុងវិបត្តិកូវីដ១៩នោះទ ពោលគឺកើនឡើងមិនលើសពី២ភាគរយឡើយ តែសម្រាប់បរិបទនេះ វាបានកើនឡើងដល់២,៥ភាគរយបានន័យថាវាមានទំហំខ្ពស់។
លោកបន្តថា “ដើម្បីជួយអតិថិជនរបស់ខ្លួន នៅក្នុងវិបត្តិដែលកើតឡើងដោយសារតែកូវីដ១៩ គឺយើងបានរៀបចំឥណទានជូនអតិថិជនជាបន្តបន្ទាប់ ដែលការរៀបចំឥណទានឡើងវិញនេះ នឹងជួយឱ្យអតិថិជនអាចមានលទ្ធភាព ក្នុងការសងត្រលប់មកវិញ ដោយរៀបចំតារាងបង់ប្រាក់ជាថ្មី”។លោកបន្តថា “មិនតែប៉ុណ្ណោះ ធនាគារក៏នៅតែបន្តផ្ដល់ឥណទានថ្មីៗបន្តបន្ទាប់ទៀត ដើម្បីឱ្យពួកគាត់មានទុនគ្រប់គ្រាន់ ក្នុងការធ្វើអាជីវកម្មនៅក្នុងវិបត្តិកូវីដ១៩”៕