ដោយៈសុខុម
ប៉េកាំង: ធនាគារកណ្តាលចិន បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៨ កញ្ញាកន្លងមកថា មហាយក្សចិន នឹងបង្កើនការលើកកម្ពស់ ការធ្វើអន្តរភាវូបនីយកម្មរូបិយប័ណ្ណយ័ន (ធ្វើឱ្យវាក្លាយជារូបិយប័ណ្ណអន្តរជាតិ) “ជាលំដាប់ និងដោយប្រុងប្រយ័ត្ន” នៅឆ្នាំ២០២១ នេះ ហើយបន្តអភិវឌ្ឍទីផ្សាររូបិយប័ណ្ណយ័ន នៅបរទេសបន្ថែមទៀត។
ធនាគារប្រជាជនចិន (People’s Bank of China) ដែលជាធនាគារកណ្ដាលបានលើកឡើង ក្នុងរបាយការណ៍ធ្វើអន្តរភាវូបនីយកម្ម រូបិយប័ណ្ណយ័នប្រចាំឆ្នាំ២០២១ របស់ខ្លួនថា ការទូទាត់ឆ្លងដែនជារូបិយប័ណ្ណយ័ន មានទំហំសរុប២៨.៣៩ទ្រីលានយ័ន (៤.៣៩ទ្រីលានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២០ ដោយកើនឡើង៤៤.៣%បើធៀបនឹងឆ្នាំ២០១៩។
របាយការណ៍ដដែលបង្ហាញថា ការទូទាត់ឆ្លងដែនជារូបិយប័ណ្ណយ័ន គ្របដណ្ដប់៤៦,២%នៃការទូទាត់ឆ្លងដែនសរុប ដោយកើនឡើងខ្ពស់មិនធ្លាប់មាន។ ការទូទាត់ឆ្លងដែននៅក្នុងពាណិជ្ជកម្មបរទេស បានឈានដល់៤,៧៨ទ្រីលានយ័ន (៧៣៩ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុន ដោយកើនឡើង១២,៧% បើធៀបនឹងឆ្នាំ២០១៩។
ធនាគារកណ្តាលរបស់មហាយក្សចិន មួយនេះនឹងពង្រឹងការត្រួតពិនិត្យរំហូរមូលធនឆ្លងដែន និងការពារហានិភ័យជាប្រព័ន្ធនានាដែលអាចកើតមានឡើង។
ប្រទេសចិន បានព្យាយាមបង្កើនឥទ្ធិពលរូបិយប័ណ្ណយ័ន ទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០០៩ មកម៉្លេះដើម្បីកាត់បន្ថយការពឹងផ្អែក លើរូបិយប័ណ្ណដុល្លារអាមេរិក នៅក្នុងការទូទាត់ពាណិជ្ជកម្ម និងការវិនិយោគ និងដើម្បីប្រជែងដណ្ដើមតំណែងរូបិយប័ណ្ណដុល្លារ ជារូបិយប័ណ្ណបម្រុងដ៏សំខាន់របស់ពិភពលោក។
ប៉ុន្តែទោះបីជាចាត់វិធានការមួយចំនួន ឆ្ពោះទៅរកការធ្វើសេរីភាវូបនីយកម្មហើយក្ដី ក៏ធនាគារកណ្ដាលចិន នៅតែគ្រប់គ្រងយ៉ាងណែនលើរូបិយប័ណ្ណមួយនេះ ដោយសារការព្រួយបារម្ភ ខ្លាចការប្រែប្រួលឡើងចុះហួសឆាប់រហ័ស កម្រិតអាចជះផលប៉ះពាល់ដល់រំហូរមូលធនឆ្លងដែន និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ៕ Reuters៕