ដោយៈសុខុម
អន្តរជាតិៈជាការពិតណាស់ អត្រាការប្រាក់ត្រូវបានក្រុមអ្នកវិភាគ និងអ្នកជំនាញសេដ្ឋកិច្ចឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះវាមានឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចក្នុងប្រទេសមួយ ក៏ដូចជាសេដ្ឋកិច្ចពិភពលោកផងដែរ ដោយសារវាប្រទាក់ក្រឡាគ្នា ចាក់ស្រេះដូចរចន្តឈាម។
សម្រាប់អ្នកជួញដូរភាគហ៊ុន ពិតជាសប្បាយចិត្តណាស់ ចំពោះការបញ្ចុះអត្រាការប្រាក់ ប៉ុន្តែតើការបញ្ចុះអត្រាការប្រាក់ ជាដំណឹងល្អសម្រាប់គ្រប់គ្នា ឬយ៉ាងណា? តាមពិតការបញ្ចុះអត្រាការប្រាក់ ពិតជាជួយសម្រាលបន្ទុកច្រើនសម្រាប់អ្នកខ្ចីប្រាក់ ជាពិសេសនៅក្នុងបរិបទវិបត្តិកូវីដ-១៩។
ប៉ុន្តែទន្ទឹមនេះ វាក៏ជះផលប៉ះពាល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលជាអ្នកផ្ដល់សេវាប្រាក់កម្ចី ព្រមទាំងអ្នកដាក់ប្រាក់សន្សំនៅធនាគារផងដែរ។
អត្រាការប្រាក់មានឥទ្ធិពលយ៉ាងខ្លាំង មកលើឥរិយាបទរបស់ប្រជាជន ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ នៅពេលអត្រាការប្រាក់ចុះថោក អ្នកខ្ចីលុយត្រូវចំណាយលើអត្រាការប្រាក់តិចជាងមុន ដូចជា កម្ចីទិញផ្ទះ កម្ចីទិញរថយន្ត និងការចំណាយលើប័ណ្ណឥណទាន (Credit Card) ជាដើម ដែលជួយជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចរស់រវើក។
ផ្ទុយមកវិញ ការដំឡើងអត្រាការប្រាក់ មានឥទ្ធិពលមកលើសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ជាពិសេសប្រទេសកំពុងងើបឡើង ដែលមានបំណុលជារូបិយប័ណ្ណដុល្លារអាមេរិកច្រើនសន្ធឹកសន្ធាប់។
ផលប៉ះពាល់ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារការដំឡើងរួមមានដូចជា
ការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្ដាលអាមេរិក (Federal Reserve) អាចជះឥទ្ធិពលមកខ្សែកោងអត្រាការប្រាក់ (Yield Curve) នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដែលធ្វើឱ្យអត្រាការប្រាក់ទីផ្សារកើនឡើង សម្រាប់កម្ចីទាំងឡាយ។ កំណើនអត្រាការប្រាក់នេះ នឹងធ្វើឱ្យវិនិយោគិនបង្វែរសាច់ប្រាក់ ពីខាងក្រៅចូលទៅសហរដ្ឋអាមេរិក ដើម្បីផលចំណេញខ្ពស់ជាងមុនជាមួយនឹងហានិភ័យទាប។
វិនិយោគិន នឹងលក់ប័ណ្ណបំណុលដែលខ្លួនបានវិនិយោគ រួចបង្វែរការវិនិយោគទៅសហរដ្ឋអាមេរិកវិញ (មូលធនហូរចេញ) បន្ទាប់ពីការដំឡើងការប្រាក់។ បញ្ហានេះនឹងធ្វើឱ្យរូបិប័ណ្ណក្នុងស្រុកធ្លាក់ថ្លៃ ដែលនឹងធ្វើឱ្យបំណុលក្នុងប្រទេសនោះ កើនឡើងដោយស្វ័យប្រវត្តិ និងបង្កើនហានិភ័យដែលនាំទៅរកភាពក្ស័យធន។
នៅពេលដែលការវិនិយោគ ហូរចេញដោយប្រញាប់ប្រញាល់ ថ្លៃទ្រព្យសកម្មនឹងធ្លាក់ចុះ ហើយក្រមហ៊ុនអាចប្រឈម នឹងការបាត់បង់សមត្ថភាពសងបំណុល ហើយទីបំផុតនឹងឈានដល់ការក្ស័យធន៕