ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ គ្រួបង្គោលចំនូន២០០នាក់ និងធនធានមនុស្សផ្នែកបដិសណ្ឋារកិច្ចចំនួន១៧០០នាក់បន្ថែមទៀត នឹងត្រូវបណ្តុះបណ្តាលដើម្បីលើកកំពស់សេវាកម្មទេសចរណ៍នាតាមបណ្តាខេត្តនាភូមិភាគឦសាន្ត។
វគ្គបណ្តុះបណ្តាលនេះមានចក្ខុវិស័យ ក្នុងការបណ្តុះបណ្តាលជំនាញ ដល់គ្រូបង្គោលចំនួន ២០០រូប និងអ្នកជំនាញទេសចរណ៍នៅភូមិភាគឦសាន្តចំនួន១,៧០០រូប នឹងចូលរួមបង្កើនមូលធនមនុស្សជាគ្រូបណ្តុះបណ្តាល សម្រាប់ខេត្តតំបន់ឦសាន្ត សំដៅចូលរួមធ្វើការបណ្តុះបណ្តាលបន្តដល់យុវជន និងបុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មទេសចរណ៍ ដើម្បីពង្រឹងគុណភាពសេវាកម្មសេវាកម្ម លើកកម្ពស់ជំនាញ “បុគ្គលិកម្នាក់ ជំនាញមួយ” និងគាំទ្រដល់ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ និងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥” ។
រដ្ឋាភិបាលមានចក្ខុវិស័យ ជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំទៅកាន់ទីផ្សារក្រៅប្រទេស រួមចំណែកធ្វើឱ្យតំបន់ភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ខណៈដែលនៅឆ្នាំ២០៣៥ ចំនួនភ្ញៀវអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ស្របពេលដែលចំនួនភ្ញៀវក្នុងស្រុក នឹងកើនឡើងដល់ជាង២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ។
លោកប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា បានផ្តាំផ្ញើរដល់សិក្ខាកាមសរុបចំនួន ៤៣រូប ឲ្យខិតខំត្រងត្រាប់ស្តាប់ និងសិក្សាស្រូបយកចំណេះដឹង និងជំនាញពីគ្រូបង្គោលអាស៊ាន ដើម្បីយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅចែករំលែកបន្ត និងអនុវត្តក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនអោយបានល្អប្រសើរ និងត្រូវមានគំនិតសុទិដ្ឋិនិយម ចំពោះការងើបឡើងវិញនៃ វិស័យទេសចរណ៍នៅពេលខាងមុខ និងត្រៀមខ្លួន ដើម្បីចូលរួមពង្រឹងសេវាកម្មទេសចរណ៍នៅភូមិភាគឥសាន្តនេះបានយ៉ាងល្អប្រសើរផងដែរ។
កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី២ (២០២០ – ២០២៤) ត្រូវបានអនុវត្តដោយ Swisscontact ក្នុងសម្ព័ន្ធជាមួយ INBAS និងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។
កម្មវិធីបណ្តុះបណ្តាល ហូកា ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact បានគាំទ្រការបង្កើតថ្នាក់រៀនគំរូ (Demonstration Class) សម្ភារៈឧបទ្ទេស និងសម្ភាបៈបណ្តុះបណ្តាលពីចង្ងាយ ដល់មន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ដើម្បីឲ្យខេត្តមានលទ្ធភាពបណ្តុះបណ្តាលបន្ត (Continues Training) នៅតាមខេត្តរបស់ខ្លួន ដោយគ្រូបង្គោលរបស់មន្ទីរទេសចរណ៍ ដែលគម្រោងបានហ្វឹកហាត់ និងវាយតម្លៃសមត្ថភាពច្បាស់លាស់។
បច្ចុប្បន្នមន្ទីរទេសចរណ៍អាចបណ្តុះបណ្តាល ជំនាញបដិសណ្ឋារកិច្ច ការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ៕