ដោយៈសុធា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ីបាន និងកំពុងរៀបចំំគោលនយោបាយរួមគ្នា សម្រាប់កម្មវិធីឥណទានហិរញ្ញប្បទាន។
លោកជំទាវនាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក SiÔn Morton សេដ្ឋវិទូជាន់ខ្ពស់ តាមរយៈប្រព័ន្ធអនឡាញកាលពីដើមសប្តាហ៍នេះ ដើម្បីពិភាក្សាពីគោលនយោបាយនេះ។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន នៃភាពប្រកួតប្រជែង និងពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងប្រមូលធាតុចូលក្នុងការរៀបចំសកម្មភាពគោលនយោបាយ សម្រាប់កម្មវិធីឥណទានហិរញ្ញប្បទានស្តីពី ភាពប្រកួតប្រជែងនិងពាណិជ្ជកម្ម។
លោកជំទាវបានបន្តថា កម្មវិធីនេះនឹងផ្តោតលើចំណុចសំខាន់ៗចំនួន ៣ រួមមានការធ្វើឱ្យប្រសើរឡើង គោលនយោបាយពាណិជ្ជកម្ម និងការសម្រួលពាណិជ្ជកម្ម និងការពង្រឹងបរិយាកាស ដែលអំណោយផលដល់ការនាំចេញ របស់សហគ្រាសធុនតូចនិងមធ្យមនិងធុរកិច្ច និង ការពង្រីកការអាចទទួលបានឥណទាន និងបរិយាបន្នហិរញ្ញវត្ថុ។
ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ របស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែរួមចំណែកគាំទ្រ ការធ្វើកំណែទម្រង់ស្ថាប័ន (institutional Reforms) សំខាន់ៗរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពនិងបរិយាបន្ន៕