ដោយៈសុខុម
ក្រុងរីយ៉ាដ: ក្រុមហ៊ុនប្រេងSaudi Aramco នៃប្រទេសអារ៉ាប៊ីសាអូឌីត កំពុងត្រៀមចាប់ផ្ដើមដំណើរការឡើងវិញ នូវគម្រោងអភិវឌ្ឍន៍វាលយកឧស្ម័នខ្នាតយក្ស Jafurah ជាមួយនឹងផែនការបោះទុនវិនិយោគ រហូតដល់ទៅ១១០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី០២ កញ្ញា។
តាមការប៉ាន់ប្រមាណថា ទីតាំងទាញយកឧស្ម័នធម្មជាតិ លាតសន្ធឹងលើផ្ទៃដី១០០គីឡូម៉ែត្រការ៉េ គុណនឹង១៧០គីឡួម៉ែត្រការ៉េ ដែលធំបំផុតនៅក្នុងព្រះរាជាណាចក្រមួយនេះ អាចមានឧស្ម័នឆៅច្រើនរហូតដល់ទៅ៥,៦៦ពាន់លានម៉ែត្រគូប។
ប្រភពនៅក្នុងឧស្សាហកម្មប្រេង និងឧស្ម័នដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ស្ថានីយទូរទស្សន៍អាមេរិក CNBC ថា ក្រុមហ៊ុន Saudi Aramco បានដាក់សំណើដេញថ្លៃជាច្រើន សម្រាប់ការអភិវឌ្ឍវាលយកឧស្ម័ននេះ ដោយក្នុងនោះរួមទាំងការសាងសង់រោងចក្រថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ដល់វាលយកឧស្ម័ននេះផងដែរ នៅដើមខែធ្នូ ឆ្នាំក្រោយ។
ក្រសួងថាមពលរបស់អារ៉ាប៊ីសាអូឌីត បាននិយាយថា វាលយកឧស្ម័ន Jafurah នេះនឹងធ្វើឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្លាយជាប្រទេសផលិតឧស្ម័នធម្មជាតិ ធំបំផុតទី៣ ក្នុងពិភពលោកនៅត្រឹមឆ្នាំ២០៣០។ ក្រុមហ៊ុន Saudi Aramco រំពឹងថា ផលិតកម្មពីវាលយកឧស្ម័ន Jafurah នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤។
ប្រភពពីស្ថានីយទូរទស្សន៍ CNBC បានបញ្ជាក់ថា ក្រុមហ៊ុន White & Case និងក្រុមហ៊ុន SMBC នឹងជាអ្នកផ្តល់ហិរញ្ញប្បទាន និងការប្រឹក្សាផ្នែកច្បាប់សម្រាប់គម្រោងខ្នាតយក្សមួយនេះ៕