ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ កម្ពុជាបាននាំចេញផ្លែស្វាយ ផ្លែចេក ដែលជាផល្លានុផលខ្មែរកើនឡើងមិនធ្លាប់មានៅក្នុងឆ្នាំនេះ ទោះបីកម្ពុជា និងពិភពលោកកំពុងរងគ្រោះដោយសារជំងឺកូវីដ១៩ក្តី។
យោងតាមរបាយការណ៍តួលេខ ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗនេះបានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនសរុប១៦.៣ម៉ឺនតោន ដែលមានកំណើន២៥១.០៣%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនចំនួន២១១.២តោន។
កម្ពុជាបាននាំចេញផលិតផលស្វាយ ចំនួនសរុបប្រហែល១.៤ម៉ឺនតោន ដែលមានកំណើន១៩៥.៩៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនចំនួនប្រហែល១.១ម៉ឺនតោន។ កម្ពុជាបាននាំចេញផ្លែចេកមានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦.៧៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញ ទៅកាន់ប្រទេសចិនមានចំនួន២៧.២ម៉ឺនតោន។
ជាមួយគ្នានេះ កម្ពុជាបាននាំចេញស្វាយចន្ទី ចំនួនរហូតដល់៨៧.៦ម៉ឺនតោន ដែលមានកំណើន៣៤០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិន មានចំនួនប្រមាណ៣៦៣៩តោន។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្មជាច្រើនរបស់កម្ពុជា៕