ដោយៈលក្ខិណា
ភ្នំពេញៈ មានមនុស្សជាច្រើនបាននិយាយថា វិបត្តិកូវីដ១៩ គឺជាឱកាសសម្រាប់ការចាប់ផ្ដើមអាជីវកម្ម ឬក៏ពង្រីក ខណៈអាជីវកម្មជាច្រើនទៀត បានបង់ប្រាក់ចំណូលនិងជួបបញ្ហាដំណើរការ។
តើអ្វីទៅជាឱកាសសម្រាប់អាជីវកម្ម ដែលគួរចាប់ផ្ដើមក្នុងអំឡុងពេលវិបត្តិកូវីដ១៩?។
បើមើលពីស្ថានការណ៍សព្វថ្ងៃ ជាមួយនឹងភាពបរាជ័យនៃអាជីវកម្មជាច្រើន អ្នកប្រហែលជាគិតថា ការរកស៊ីនៅចំពេលនេះ មិនមែនជាជម្រើសល្អទេ ទោះបីជាមានគំនិត និងគម្រោងជាក់លាក់ណាមួយក៏ដោយ។ ក៏ប៉ុន្តែនៅក្នុងឧបសគ្គ ក៏មានឱកាសនៅក្នុងនោះផងដែរ។ ជាក់ស្ដែង នៅក្នុងអំឡុងពេលកូវីដ១៩ មានអាជីវកម្មបរាជ័យច្រើនមែន តែក៏មានអាជីវកម្មខ្លះមានការរីកចម្រើន រហូតអាចពង្រីកសាខាជាបន្តបន្ទាប់ថែមទៀតផង។
បើតាមទស្សនៈរបសសហគ្រិនខ្មែរថា នេះអាចជាឱកាសដ៏ល្អមួយ នៅក្នុងការចាប់ផ្ដើមអាជីវកម្ម និងបន្ដអភិវឌ្ឍវាឱ្យមានភាពរីកចម្រើន ដោយសារហេតុផលមួយចំនួនរួមមាន
ទី១ ការទិញទំនិញតាមអនឡាញមានការកើនឡើង
ចាប់តាំងពីមានជំងឺកូវីដ ១៩ ការទិញដូរតាមប្រព័ន្ធអនឡាញ ហាក់ដូចជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែមានភាពងាយស្រួល នៅក្នុងការបញ្ជាទិញ និងការស្វែងរកទំនិញសម្រាប់ទិញណាមួយ ប្រជាជនភាគច្រើនសុទ្ធ ចេះប្រើទូរសព្ទទំនើប និងបណ្ដាញសង្គម។ ដូចនេះ អ្នកអាចធ្វើការដាក់លក់ទំនិញ ឬផលិតផលនានា នៅលើបណ្ដាញសង្គមបាន ដូចជាគ្រឿងសម្អាង ការលក់ទឹកផ្លែឈើ ម្ហូបអាហារជាដើម។
២. មានការប្រកួតប្រជែងទាប
ដោយសារម្នាក់ៗ មានការភ័យខ្លាចនឹងការបរាជ័យមិនហ៊ាន នៅក្នុងការសាកល្បងធ្វើអ្វីដែលថ្មី នេះក៏អាចជាឱកាសមួយ សម្រាប់អ្នកនៅក្នុងការសាកល្បងផងដែរ ។ ណាមួយអ្នកមិនសូវមានការព្រួយបារម្ភ ពាក់ព័ន្ធនឹងការប្រកួតប្រជែងគ្នាលើតម្លៃ និងការប្រូម៉ូសិននានា តែត្រូវប្រាកដថាអ្វីដែលអ្នកលក់មានភាពពិសេស និងប្លែកពីអ្នកដទៃ។
៣. អាចចាប់ផ្ដើមពីផ្ទះខ្លួនឯង
ដោយសារកូវីដ១៩ មានមនុស្សជាច្រើនមិនចង់ចេញពីផ្ទះនោះទេ។ ដូចនេះអ្នកអាចចាប់ផ្ដើមប្រកបរបរលក់ទំនិញ ឬសម្ភារៈនានា ពីផ្ទះដោយមិនចាំបាច់មានទីតាំងត្រឹមត្រូវ ដោយគ្រាន់តែមានបណ្ដាញសង្គមសម្រាប់លក់ ជាមួយនឹងអីវ៉ាន់ ដែលមានស្រាប់ជាការស្រេច។ ណាមួយអ្នកអាចឆ្លៀតពេលទំនេរ សម្រាប់ធ្វើការងារទាំងនោះជាមួយគ្រួសារ ដោយមិនអស់ថ្លៃឈ្នួលថែមទៀតផង។
៤. ការកើនឡើងនៃក្រុមហ៊ុនដឹកជញ្ជូន
ការកើនឡើងចំនួនក្រុមហ៊ុនដឹកជញ្ជូន នាពេលបច្ចុប្បន្ននេះ បានសម្រួលដល់អាជីវកម្មជាច្រើន។ អ្នកលក់ថ្មីថ្មោងក៏មិនចាំបាច់បារម្ភ អំពីការដឹកជញ្ជូនទំនិញដោយខ្លួនឯងដូចពីមុនឡើយ។ អ្នកមិនចាំបាច់ចំណាយពេល ឬ បារម្ភពីការដឹកជញ្ជូនទំនិញពីក្នុងផ្ទះទៅដល់ដៃអតិថិជនដោយផ្ទាល់ទេដោយ គ្រាន់តែមានការទំនាក់ទំនងជាមួយក្រុមហ៊ុនដឹកជញ្ជូននៅលើកដំបូងជាការស្រេច។
ដូច្នេះក្តីកង្វល់ពីការលក់ និង ផ្ញើទំនិញក៏លែងជាបញ្ហារារាំងភាពជោគជ័យ នៃអាជីវកម្មរបស់អ្នកដែរ៕