ទីផ្សារម្រេចកម្ពុជានៅក្រៅប្រទេសកើនឡើងខ្ពស់ក្នុងឆ្នាំ២០២១នេះ

ដោយៈលក្ខិណា

ភ្នំពេញៈ ថ្វីត្បិតតែពិភពលោករួមនឹងកម្ពុជាបាន និងកំពុងជួបវិបត្តិដោយសារតែជំងឺកូវីដ១៩ក៏ពិតមែនក្ដី តែទីផ្សារនៃផលិតផលរបស់កម្ពុជាមួយចំនួន នៅក្រៅប្រទេសបានកើនឡើងខ្ពស់ ដែលជាឱកាសរបស់កម្ពុជា ក្នុងការនាំចេញទៅផ្គត់ផ្គង់នៅទីផ្សារអន្តរជាតិ។

ជាក់ស្ដែងផលិតផលម្រេចរបស់កម្ពុជា នៅទីផ្សារអន្តរជាតិបានកើនឡើងខ្ពស់ក្នុងឆ្នាំ២០២១នេះ ដែលធ្វើឱ្យកំណើននៃការនាំចេញម្រេចកម្ពុជា កើនឡើងរហូតដល់៥០០ភាគរយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមា​ញ់ និងនេសាទឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២១កម្ពុជា បាននាំចេញម្រេច ទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង២៤.៨៤៧តោន ហើយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ មានការកើនឡើងរហូតដល់៥៥១,៧៣ភាគរយឯណោះ ។

របាយការណ៍ដដែលបន្តថា ប្រទេសដែលមានការនាំចូលម្រេចពីកម្ពុជា ច្រើនជាងរួមមាន ប្រទេសវៀតណាម មានចំនួនរហូតដល់២៤.៤៧៦,៦៨តោន ប្រទេសអាល្លឺម៉ង់នាំចូលម្រេចពីកម្ពុជាចំនួន៣៤៧តោន ប្រទេសឥណ្ឌានាំចូលម្រេចកម្ពុជាចំនួន៤២តោន ប្រទេសបារាំងនាំចូលពីកម្ពុជា២០,១៨តោន ប្រទេសប៊ែលហ្ស៊ិកនាំចូលចំនួន១៥,៩៨តោន កោះតៃវ៉ាន់ចំនួន១៥,០៤តោន ប្រទេសប៉ូឡូញចំនួន៧,០៩តោន សាធារណរដ្ឋឆេកចំនួន៦,១០តោន ប្រទេសជប៉ុនចំនួន៣,៣តោន ប្រទេសកូរ៉េចំនួន៣,២៥តោន ប្រទេ​សរុស្ស៊ីចំនួន២,៤តោន ប្រទេសសិង្ហបុរីចំនួន១,៨៧តោន សហរដ្ឋអាមេរិកចំនួន១,៧៥តោន ប្រទេសស៊ុយអ៊ែតចំនួន១,២៩តោន ចក្រភពអង់គ្លេសចំនួន១,២៤តោន អូស្ត្រាលី០,៩០តោន ស្វីស០,៥៦តោន កាណាដា០,៥២តោន កាហ្សាក់ស្ថានចំនួន១៩០គីឡូក្រា​ម ប្រទេសអារ៉ាប់រួមចំនួន១០គីឡូក្រាម ។

ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២១នេះ កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជាង៩,៥៥លានតោន និងគោលដៅ៦៦ប្រទេស គិតជាទឹកប្រាក់ចំនួនជាង៣ពាន់លានដុល្លារអាមេរិក។ តែយ៉ាងណាការនាំចេញមាស ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២១នេះ មានទំនោរធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២០ កន្លងហើយរដ្ឋមន្ត្រីកសិកម្មក៏បានបកស្រាយថា ការធ្លាក់ចុះបណ្ដាលពីកង្វះទូរកុងតឺន័រ និងតម្លៃនៃការដឹកជញ្ជូនកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here